
បន្ទាប់ពីបានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុននេះរួច មន្រ្តីជំនាញនៃគណៈកម្មការចម្រុះនេះ បានណែនាំឱ្យម្ចាស់ទីតាំងបំពេញបន្ថែមនូវបទដ្ឋានកិត្តិយុតមួយចំនួនដែលខ្វះជាពិសេសពាក់ព័ន្ធនិងបញ្ហាបរិស្ថាននៅក្នុងបរិវេណនៃក្រុមហ៊ុននេះ នៃការបញ្ចេញការសំណល់បេតុង ដើម្បីជៀសវាងមានប៉ះពាល់ដល់ប្រជាពលរដ្ឋឬទីសាធារណៈ។
លោក តាន់ សុភ័ក្រ្ត អ្នកគ្រប់គ្រង របស់ក្រុមហ៊ុន ស៊ីផិក ខេមបូឌា បានឱ្យដឹងថា ក្រុមហ៊ុន របស់លោក មានច្បាប់លិខិតបទដ្ឋានគ្រប់គ្រាន់ ទាំងច្បាប់អនុញ្ញាតធ្វើអាជីវកម្ម ប៉ាតង់ និង ច្បាប់ទីតាំង។ លោកក៏បានឱ្យដឹងទៀតថា ចំពោះករណីទឹកហូរចេញពីការដ្ឋានទៅកាត់ផ្លូវនោះគឺពុំមានឡើយនាពេលបច្ចុប្បន្ននេះ ដោយក្រុមហ៊ុនបាន រៀបចំអាងចំនួនពីរ ដើមី្បតំកល់ទឹកយកមកបម្រើការលាយបេតុង ហើយចំពោះកាកបេតុង ដែលសេសសល់នៅរថយន្តក្រឡុកស៊ីម៉ង់ត៍ ក៏មិនបានធ្វើការចាក់បាញ់លាងចោលខាងក្រៅឡើយ ដោយមានអាងមួយសម្រាប់ការលាងសម្អាត នឹងផ្ទុកកាកសំណល់ទាំងនោះ ។
លោកបន្តទៀតថា ក្នុងពេលកន្លងមកក្រុមហ៊ុន ក៏បានធ្វើផ្លូវចាក់បេតុង ក្នុងភូមិកសិកម្មនេះ ដើមី្បកុំឱ្យមានដីហ៊ុយក្នុងភូមិ ធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ម៉្យាងទៀតក្នុងរយៈពេល០៦ខែមកនេះ ដោយក្រុងសៀមរាប មានការស្ថាបនាផ្លូវ៣៨ខ្សែ ដែលបានធ្វើឱ្យមានដីហ៊ុយ ។ ចំពោះការបើកបរក្រុមហ៊ុនក៏បានធ្វើការកំណត់ល្បឿន ចំពោះអ្នកបើកបរ ដើមី្បបញ្ចៀសនូវករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវសាធារណៈ ដោយបានបំពាក់ឧបករណ៍វាស់ល្បឿនផងដែរ ដោយឡែកចំពោះចំណុចខ្វះខាតដែលគណៈកម្មការចម្រុះបានណែនាំលោកនិងធ្វើការកែសម្រួលនិងបំពេញបន្ថែម៕