
លោក អភិបាលរងខេត្តបានបញ្ជាក់ថា ការងារបង្កបង្កើនផលដំណាំកសិកម្មគិតត្រឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ការភ្ជួររាស់ដី នារដូវវស្សាធ្វើបានសរុបចំនួន ១៥៥ ៧១០ ហិកតា ក្នុងនោះ ការប្រើប្រាស់គ្រឿងយន្តមានចំនួន ១៥៥ ៥៦៥ ហិកតា និងគោ-ក្របីមានចំនួន ១៤៥ហិកតា រួមមានដូចខាងក្រោម ៖
-ដំណាំស្រូវសរុប ៖ ចំនួន ១១១ ៩០៥ហិកតា ស្មើរនឹង ៥៨,៩៨% នៃផែនការ ១៨៩ ៧៣០ ហិកតា ក្នុងនោះ ស្រូវស្រាលមានចំនួន ២៣ ៨១០ហិកតា ស្រូវកណ្ដាលចំនួន ៦១ ២៧៥ហិកតា ស្រូវធ្ងន់ចំនួន ២៣ ២៨០ហិកតា ស្រូវចម្ការ ៧២៥ហិកតា និងស្រូវឡើងទឹកមានចំនួន ២ ៨១៥ហិកតា។
-ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវវស្សា ២០២១ ៖ ការដាំដុះសរុបបានចំនួន ២១ ៥៧៦ហិកតា ស្មើនឹង ៧២,១៧% នៃផែនការ ២៩ ៨៩៨ហិកតា ក្នុងនោះមាន៖
ក-ដំណាំសាកវប្បកម្ម សរុបចំនួន ១ ៤៥២ហិកតា ស្មើនឹង ៤៨,៤០% នៃផែនការ ៣ ០០០ហិកតា ដោយមានដំណាំ ពោតចំនួន ៣០៣ហិកតា ដំឡូងជ្វាចំនួន ២២៥ហិកតា បន្លែគ្រប់មុខចំនួន ៧៤៤ហិកតា ឪឡឹកចំនួន ១៥៤ហិកតា និងម្ទេស ចំនួន ២៦ហិកតា។
ខ-ដំណាំឧស្សាហកម្ម សរុបចំនួន ២០ ១២៤ហិកតា ស្មើនឹង ៧៤,៨២% នៃផែនការ ២៦ ៨៩៨ហិកតា រួមមាន ដំឡូងមី ១៨ ៦២២ហិកតា សណ្ដែកបាយ ១ ២៧៧ហិកតា ល្ង ៤៥ហិកតា អំពៅ ១៦៥ហិកតា និងឈូក ១៥ហិកតា។
ក្នុងនោះដែរលោកបានលើកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក្នុងការដោះស្រាយនូវទុក្ខលំបាក ការលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនថែមទៀតផង៕