
ឯកឧត្តម ទៀ សីហា សូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន និងពាណិជ្ជករថៃ ដែលជាភូមិផងរបងជាមួយគ្នា តែងតែធ្វើការចែករំលែក និងឧបត្ថម្ភដល់ប្រទេសជាមិត្ត នៅពេលជួបទុក្ខលំបាក។ ម៉្យាងទៀតក្នុងពេលកន្លងមកនេះ អាជ្ញាធរថៃបានជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរ ដែលបានធ្វើមាតុភូមិនិវត្តចូលមកក្នុងប្រទេសកម្ពុជា ក្នុងពេលដែលពិភពលោកបានកំពុងជួបនូវវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងបានធ្វើជួយឧបត្ថម្ភដល់បងប្អូន ដែលបានកំពុងធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តមាន ព្រំដែនជាប់នឹងព្រះរាជាអាណាចក្រថៃទៀតផង ។ ជាក់ស្តែងក្នុងថ្ងៃនេះ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានដឹកនាំប្រតិភូ ជាពាណិជ្ជករ និង ក្រុមហ៊ុនថៃ ដែលបានកំពុងធ្វើសេវាកម្មនៅកម្ពុជា នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និង សម្ភារៈផ្សេងៗ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងនៃវីរុសកូវិដ១៩ កុំឲ្យរីករាលដាលចូលទៅក្នុង សហគមន៍។ ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ជាក់ស្តែង អំណោយដែលទទួលបានពីស្ថានឯកអគ្គរាជទូតថៃ នៅថ្ងៃនេះ នឹងត្រូវធ្វើការបែងចែកជូនទៅដល់តាមមណ្ឌលចត្តាឡីស័ក ក្រុង ស្រុក ដែលបងប្អូនពលករដែលទើបវិលត្រឡប់មកពីក្រៅប្រទេស បានកំពុងស្នាក់នៅ ដើមី្បតាមដានពីសុខភាពរបស់បងប្អូន មុននឹងទៅកាន់ភូមិដ្ឋានរបស់ខ្លួន ដើមី្បកាត់ផ្តាច់ខ្សែចម្លងវីរុសកូវិដ ចូលទៅក្នុងសហគមន៍។
ក្នុងនោះដែរឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវធ្វើការសម្របខ្លួនរៀនរស់នៅទៅតាមគន្លងបែបថ្មី ជាមួយកូវីដ និងត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ទោះបីបងប្អូនបានចាក់វ៉ាក់សាំងបានគ្រប់ដូសក៏ពិតមែន ក៏ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ព្រោះថាកូវីដមិនរើសអើង ដល់បុគ្គលណាម្នាក់ឡើយ នៅពេលដែលយើងមានការធ្វេសប្រហែសនោះ។
តាមការបញ្ជាក់របស់លោក ជិរ៉ាវុធ សុវណ្ណអាត អគ្គទីប្រឹក្សាទទួលបន្ទុកពាណិជ្ជកម្ម នៃស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានឲ្យដឹងផងដែរថា ក្នុងរយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលថៃ បានជួយផ្គត់ផ្គង់ដល់បងប្អូនពលករខ្មែរ ដែលបានធ្វើចំណាកស្រុក មកកាន់ប្រទេសកម្ពុជា សំខាន់នៅតាមបណ្តាខេត្តតាមព្រំដែនកម្ពុជា ថៃ ដែលពលករទាំងនោះ បានកំពុងធ្វើចត្តាឡីស័ក មុនចូលទៅរួមរស់ជាមួយក្រុមគ្រួសារក្នុងមូលដ្ឋានវិញ៕