
បន្ទាប់ពីមតិបើកអង្គប្រជុំដោយ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត រួចមក លោក ធឹម សេរីវុឌ្ឍ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានធ្វើបទបង្ហាញលំអិតអំពីស្តង់ដាអប្បបរមា (sop) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មខារ៉ាអូខេ និងឌីស្កូតែក ជូនដល់អង្គប្រជុំដើម្បីជ្រាប និងយកទៅអនុវត្តនៅតាមបណ្តាអាជីវកម្មរបស់ខ្លួនឱ្យស្របតាមការណែនាំរបស់ក្រសួងទេសចរណ៍។ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ក៏បានបូកសរុបលទ្ធផលកិច្ចប្រជុំដូចតទៅ៖
១- ម្ចាស់អាជីវកម្មខារ៉ាអូខេ និងឌីស្កូតែកទាំងអស់ ត្រូវរៀបចំទីតាំងអាជីវកម្មរបស់ខ្លួនឱ្យស្របតាមគោលការណ៍ណែនាំ ស្តីពីស្តង់ដាអប្បបរមាតាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ និងឌីស្កូតែក និងបន្ទាប់មកត្រូវដាក់ពាក្យស្នើវាយតម្លៃស្តង់ដាអប្បបរមាតាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ និងឌីស្កូតែក មកក្រុមការងារតាមដានត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ខេត្តសៀមរាប ដើម្បីក្រុមការងារចុះទៅវាយតម្លៃមុននឹងអនុញ្ញាតឱ្យអាជីវកម្មបើកដំណើរការ
២- គ្រប់អាជីវកម្មខារ៉ាអូខេ និងឌីស្កូតែកទាំងអស់ត្រូវតែរៀបចំគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ជាពិសេសការរៀបចំច្រកចេញចូល អោយមានសុវត្ថិភាពនៅពេលមានគ្រោះអាសន្ន
៣- គ្រប់អាជីវកម្មខារ៉ាអូខេ និងឌីស្កូតែកទាំងអស់ត្រូវតែមានបំពាក់នូវបំពង់ពន្លត់អគ្គីភ័យ ហើយបុគ្គលិកបម្រើការត្រូវតែទទួលបានការបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យ៕