
លោក អភិបាលរងខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះ គឺជាវេទិកាប្រមូលធាតុចូល ពង្រឹងកិច្ចសហការនៃបណ្តាមន្រ្តីជំនាញពាក់ព័ន្ធជាសមាជិក សមត្ថកិច្ច សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ព្រោះវាជាភារកិច្ចពហុវិស័យ។ ផ្អែកលើនិយមន័យ ( វិធានការកាត់បន្ថយបញ្ហាប្រឈម ) កិច្ចប្រជុំបានធ្វើដំណើរលើកការត្រួតពិនិត្យ និងពិភាក្សាអំពីការដឹកជញ្ជូនឈើតាមរទេះ និងគោយន្តកន្រ្តៃនៅក្នុងតំបន់ ឬឆ្លងកាត់តំបន់ការពារធម្មជាតិ។ ម្យ៉ាងទៀត បញ្ហាធ្វើឡធ្យូងក្នុងតំបន់ដែនជម្រកសត្វព្រៃនៅក្នុងភូមិសាស្រ្តនៃស្រុកជីក្រែង មិនត្រឹមតែជាតម្រូវការក្នុងសហគមន៍នោះទេ តែជាស្ថិតក្នុងរូបភាពធ្វើអាជីវកម្មនាំចេញទៅខេត្តកំពង់ធំផងដែរ ដែលត្រូវចាត់វិធានការកាត់បន្ថយ ប្រើវិធានការអប់រំ មុនមានការបង្រ្កាប លុបបំបាត់នោះ។
លោក អភិបាលរងខេត្ត បានបន្តថា ដើម្បីពង្រឹងការអនុវត្តលិខិតរបស់រដ្ឋបាលខេត្តលេខ ១៤៣៧ សជណ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការចាត់វិធានការបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើនៅក្នុង និងនៅជិតតំបន់ការពារធម្មជាតិ ជាកិច្ចការមួយដែលទាមទារឲ្យអាជ្ញាធរក្រុង-ស្រុក មន្ទីរជំនាញ និងសមត្ថកិច្ចសហការអនុវត្ត។ បើយោងតាមតារាងបញ្ជីទន្នន័យទីតាំងកែច្នៃឈើទាំងនោះ នៅក្នុងឬនៅក្បែរតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តសៀមរាប គិតត្រឹមខែកញ្ញាឆ្នាំ២០២១ រកឃើញមានចំនួន១៤៦ទីតាំង ក្នុងនេះមានចំនួនតែ៣ទីតាំងប៉ុណ្ណោះ ដែលមានច្បាប់។ ជាមួយគ្នានេះ ត្រូវចាត់វិធានការឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាព នូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ ដែលក្រសួងបរិស្ថានក៏បានព្រមានផងដែរ ចំពោះរដ្ឋបាលឃុំ-សង្កាត់ណា ដែលនៅតែបន្តបំពានចុះហត្ថលេខា ផ្តល់ជាកម្មសិទ្ធិឯកជន ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សាជីវៈចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់។និងរបៀបវារៈទី៥ពិនិត្យ និងធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយលើបញ្ជីសំណួរ-សំណូមពរ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩ និង២០២០៕