
លោក អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងរយៈពេលពីរឆ្នាំនេះខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាបានជួបនូវការធ្លាក់ចុះនៃសេដ្ឋកិច្ច ជាពិសេស ខេត្តសៀមរាបយើងនេះមានវិស័យមួយចំនួន ជាពិសេសគឺវិស័យទេសចរណ៍ និង វិស័យកសិកម្ម បានជួបការប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តសៀមរាបបាត់បង់ការងារស្ទើរតែទាំងស្រុង។
លោកអភិបាលរងខេត្តសៀមរាប ក៏បានបន្ថែមទៀតដែរ ពីទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អរវាងខេត្តមួយចំនួននៃប្រទេសជប៉ុនជាមួយខេត្តសៀមរាប ដែលធ្លាប់បានចុះអនុស្សរណៈជាមួយគ្នានាពេលកន្លងមក ពិសេស JICA បានផ្តល់នូវសមត្ថផលមួយចំនួនដូចជា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ក្រោមឥណទានដោយមានទឹកប្រាក់វិនិយោគសរុបប្រមាណ ៩០លានដុល្លាអាមេរិក គ្របដណ្តប់លើការងារសាងសង់រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតថ្មីមួយទៀត សមត្ថភាព ៦០,០០០ម៣,ថ្ងៃស្ថិតក្នុងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ដោយយកប្រភពទឹកពីបឹងទន្លេសាប និងការសាងសង់បំពង់មេនាំទឹក និងចែកចាយទឹកស្អាត ប្រវែងសរុប ១៩៦គីឡូម៉ែត្រ និងរដ្ឋាភិបាលជប៉ុនបានជួយជួសជុលប្រាង្គប្រាសាទនានា ក្នុងខេត្តសៀមរាប ជាពិសេស ប្រាសាទបាយ័ន និងប្រសាទអង្គរវត្តផងដែរ។
ជាមួយគ្នានេះ លោក អភិបាលរងខេត្តក៏បានបញ្ជាក់បន្ថែមថាខេត្តសៀមរាប ជាខេត្តវប្បធម៌ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ នៃសេដ្ឋកិច្ចជាតិ ហើយនៅពេលខាងមុខនឹងធ្វើឲ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូក្នុងតំបន់អាស៊ាន ជាក្រុងឆ្លាតវៃ ប្រកបទៅដោយបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងបែបឆ្លាតវៃ នឹងពិតជាចូលរួមចំណែកអភិវឌ្ឍន៍ខេត្តសៀមរាបទៀតផង ហើយទីក្រុងឆ្លាតវៃនេះគឺ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាននាពេលខាងមុខនេះដែរ៕