
ថ្លែងក្នុងពិធីបើកសិក្ខាសាលាដ៏មានតម្លៃនេះដែរ លោកជំទាវ ស៊ិន ណម ធ្វើការកោតសរសើរខ្ពស់ចំពោះមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី សមាជិក សមាជិកា គ.ក.ស.ក ខេត្ត ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដែលបានខិតខំបំពេញបេសកកម្មរបស់ខ្លួន ផ្តល់ការគាំទ្រផ្នែកសេវាប្រឹក្សាយោបល់បច្ចេកទេសដល់ គ.ក.ស.ក ក្រុង-ស្រុក និង គ.ក.ន.ក ឃុំ-សង្កាត់ ឲ្យអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ស្របតាមសៀវភៅណែនាំរបស់ថ្នាក់ជាតិ និងបានចូលរួមវគ្គបណ្តុះបណ្តាលនានា ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឲ្យមានការវិវឌ្ឍជានិរន្ត។ លោកជំទាវ ក៏បានលើកបន្ថែមទៀតនូវសិក្ខាសាលាថ្ងៃនេះ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ នៃការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ក.ស.ក ខេត្ត និងបណ្តាវិស័យរបស់ខ្លួនដែលបានធ្វើសកម្មភាពក្នុងការជំរុញគាំទ្រ និងដោះស្រាយបញ្ហាទាំងឡាយដែលកើតមានឡើងចំពោះស្រ្តី យុវវ័យ កុមារ និងជនងាយរងគ្រោះក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កន្លងមកនេះ។
បន្ទាប់ពីលោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ដ៏មានអត្ថន័យរួចមក លោកស្រី យូ សុភា អភិបាលរងខេត្ត បានធ្វើការចែករំលែកនូវព័ត៌មានពាក់ព័ន្ធនឹងគោលបំណងកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងយកចិត្តទុកដាក់អនុវត្តនាពេលបច្ចុប្បន្ន ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយសមធ៌ម តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕