
លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានបញ្ជាក់ថា ស្រុកអង្គរជុំគឺជាស្រុកមួយក្នុងចំណោមក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប មានឃុំចំនួន ៧ឃុំ មាន ៨៦ភូមិ និងមានប្រជាជនរស់នៅចំនួនជាង ១៥ពាន់៧០០ ខ្នងផ្ទះ ។ បន្ទាប់ពីការជំរុញ និងផ្សព្វផ្សាយ រួមជាមួយកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេល ៤ឆ្នាំ ប្រជាជនទាំងអស់នៅក្នុងស្រុកមានបង្គន់ប្រើប្រាស់គ្រប់ៗគ្នា ។
លោក ង៉ាន់ ភិរុណ បានអះអាងថា ស្រុកអង្គរជុំ ត្រូវបានកំណត់ជាស្រុកគោលដៅមួយ ដែលមិនមានការបន្ទោបង់ពាសវាលពាសកាលពេញលេញ កាលពីដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីស្រុកមួយនេះ មានពលរដ្ឋ បានប្រើប្រាស់បង្គន់អនាម័យភាគច្រើនលើសលុប ។ លោកបញ្ជាក់ថា ការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាព រស់នៅរបស់ប្រជាជនស្របទៅតាម គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកបានបន្តថា ស្របគ្នានេះ រដ្ឋបាលខេត្តសៀមរាប បាននិង កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍនានា នៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ ជនបទ គឺជាផ្នែកមួយសំខាន់ដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ ។
លោក ង៉ាន់ ភិរុណ បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អក្នុងការចូលរួមគ្រប់សកម្មភាព នៃការអភិវឌ្ឍន៍ក្នុងខេត្ត ហើយខ្ញុំសូមគោរពស្នើសុំដល់ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការ ក៏ដូច ជាដៃគូរអភិវឌ្ឍន៍នានា សូមមេត្តាបន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាព នៃកម្មវិធីលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅតាមសហគមន៍ឲ្យបានគ្រប់ភូមិ ឃុំ ដើម្បីឈានសម្រេចឲ្យខានតែបានគោលដៅឆ្នាំ ២០២៣ អត្រាផ្គត់ផ្គង់ទឹកស្អាត ៩០% និងអត្រាគ្របដណ្តប់អនាម័យ ៩០% ហើយជាពិសេសគឺ ទស្សនៈវិស័យ “នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព”។
ឯកឧត្តម ថោង ពោជ ក៏បានបញ្ជាក់ថា ការប្រកាសដាក់ស្រុកអង្គរជុំ ជាស្រុកដែលបញ្ឈប់ការបន្ទោរបង់ពាសវាល ពាលកាល នាថ្ងៃនេះជាការរីករាយមួយសម្រាប់ខេត្តសៀមរាប ។ ប៉ុន្តែឯកឧត្តមចង់ឲ្យអាជ្ញាធរខេត្តទេសចរណ៍ដ៏ស្រស់មួយនេះ ជម្រុញបន្ថែមទៀតដល់ថ្នាក់ក្រុង ស្រុក ចំនួន១១ទៀត រៀបចំផែនការ និង ចូលរួមប្រឡងប្រណាំង ទាំងអស់គ្នា ដើម្បីខេត្តសៀមរាបទាំងមូលមានសោភ័ណភាព និង បរិស្ថានស្រស់ស្អាតបរិបូរណ៍ ជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ក្នុងបរិបទកូវិដ១៩នេះ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវសំណូមពរមួយចំនួន ដល់អាជ្ញាធរខេត្ត ស្រុក បន្តពង្រឹងពង្រីកនិងជម្រុញដល់ប្រជាពលរដ្ឋ ក៏ដូចតាមបណ្តាស្រុកផ្សេងទៀត ក្នុងអនុវត្តអនាម័យ ស្អាត នៅក្នុងមូលដ្ឋានដែនសមត្ថកិច្ចខ្លួន សំដៅកែប្រែនូវសោភណ្ឌភាពបរិស្ថាន ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំង ចូលមកខេត្តសៀមរាប ដែលជាខេត្តសម្បូរដោយសម្បត្តិវប្បធម៌ ធម្មជាតិ ប្រវត្ត្តិសាស្ត្រ ។ ម៉្យាងទៀតចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ការបន្ទោរបង់ពាសវាលពាសកាលត្រូវបានបញ្ចប់ និងប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានអនាម័យ ប្រកបដោយនិរន្តរភាព៕