
គោលបំណងនៃសិក្ខាសាលាថ្នាក់តំបន់នេះ គឺ (១) ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការអនុវត្តកាតព្វកិច្ចសារពើពន្ធលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ការដាក់លិខិតប្រកាសពន្ធប្រចាំខែ និងពន្ធកាត់ទុក សម្រាប់សមាគម និង អង្គការមិនមែនរដ្ឋាភិបាលកម្ពុជា (អង្គភាពមិនស្វែងរកប្រាក់ចំណេញ) (២) ដើម្បីផ្តល់ឳកាសដល់អង្គការសង្គមស៊ីវិល ក្នុងការលើកឡើងនូវបញ្ហាប្រឈម កង្វល់ និងការលំបាកនានា ទាក់ទងនឹងការអនុវត្តច្បាប់សារពើពន្ធ និងក្របខណ្ឌគតិយុត្តិពាក់ព័ន្ធនានា និងលើកឡើងនូវអនុសាសន៍ និងសំណូមពរនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ និង (៣) លើកកម្ពស់ការយោគយល់គ្នា និងភាពជាដៃគូលើបញ្ហាពាក់ព័ន្ធនានា ដែលជះឥទ្ធិពលដល់អង្គការសង្គមស៊ីវិល ក៏ដូចជា GDT។
សិក្ខាសាលាថ្នាក់តំបន់នេះប្រព្រឹតិ្តទៅដោយបានអនុវត្តន៍តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលបានយ៉ាងហ្មត់ចត់បំផុត ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី៕