រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្តីពី «ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

  • 370
  • ដោយ vannak

ថ្ងៃ​អង្គារ-ពុធ​ ៤-៥រោច​ ខែស្រាពណ៍​ ឆ្នាំ​ខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី១៦​-១៧​ខែសីហា​ ឆ្នាំ២០២២​ នៅបន្ទប់ប្រជុំរដ្ឋបាលខេត្ត​សៀមរាប​ មានបេីកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្តីពី «ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី​ ០​៥​ ខែមិថុនា​ ឆ្នាំ​២០២២​ ក្រោមអធិបតីភាព​ លោក​ នាក់​ ណេរ៉ុន​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងមានការអញ្ជេីញចូលរួមពី​ លោក ញាវ តង អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក គង់ វុទ្ធី អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ​ សមាជិក​ សមាជិកា​ ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ ក្នុងក្រុងសៀម​រាប​ ស្រុកប្រាសាទបាគង​ និងស្រុកពួក​ សរុបចំនួន​ ១១៦នាក់។ លោក​ អភិបាល​រង​ខេត្ត​ បានលេីកឡេីងថា​ កន្លងមករាជរដ្ឋាភិបាលកម្ពុជា​ បានអនុវត្ត​កម្ម​​វិធីកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល និងបាន​​​អនុ​វត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិ​យុត្តនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័នថ្នាក់ជាតិ បាន​ពង្រឹង​​​លើ​ការ​ងារ​គ្រប់គ្រងមន្រ្តីរាជការស៊ីវិល​ ពិសេសមន្ត្រីរាជការដែលបំពេញការងារនៅ​រដ្ឋ​បាល​​ថ្នាក់​​ក្រោម​​ជាតិ។ ជាអាទិ៍ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្ត​កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ​តាំងពីឆ្នាំ​២០០២ ដែលរហូតមកទល់ពេលនេះមាន រយៈពេលប្រមាណជាង២០ឆ្នាំ​មក​ហើយ​នោះ រដ្ឋបាលខេត្ត ដោយផ្អែកតាមកម្មវិធីជាតិកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ, ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ ស្តីពីការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានរៀបចំឱ្យមានការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៥លើក រួចមកហើយ ដែលការ​បោះឆ្នោត អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ខេត្ត​សៀមរាប មានសមាជិកក្រុមប្រឹក្សា​ឃុំ សង្កាត់ ជាប់ឆ្នោតសរុប ចំនួន ៦៦៨​នាក់ ស្រី ១៧៤នាក់ ដែលក្នុងនោះ ក្រុមប្រឹក្សាថ្មី​ដែលពុំធ្លាប់ជាប់ឆ្នោតពីមុនមកសោះ មានចំនួន ៣១៥នាក់ ស្រី ៨៣នាក់ ហើយក្រុមប្រឹក្សានីមួយៗត្រូវបានប្រគល់​នូវស្វ័យភាពក្នុងការគ្រប់គ្រងចាត់ចែង កិច្ចការនានានៅមូលដ្ឋាន ក្នុងគោលបំណង​បង្កើត ជំរុញ និងធ្វើឱ្យ​មានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅ​មូលដ្ឋានរបស់ខ្លួន។ក្នុងន័យនេះ ដើម្បីជាការលើកកម្ពស់គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការ​បម្រើ​សេវាសាធារណៈប្រកប​ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព មានលក្ខណៈ​ឆ្លើយតប សមធម៌ និង​បរិយាប័ន្ន ដែលជារបៀបវារៈនយោបាយដ៏សំខាន់បំផុត​ដែលក្រុមប្រឹក្សា​នីមួយៗ​​នៅរដ្ឋបាល ថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់​សម្រេច​​​​ឱ្យបាននៅ​ក្នុងអាណត្តិការងាររបស់ខ្លួន ក្នុងក្របខ័ណ្ឌនៃធនធាន និង​សមត្ថកិច្ចដែល​ខ្លួនមាន​។ ក្រសួងមហាផ្ទៃឃើញថាការយល់ដឹងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបតែជាប់​ឆ្នោតថ្មី​មួយចំនួន ពាក់ព័ន្ធនឹងកម្មវិធី​កំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ ជា​ពិសេស​លិខិតបទដ្ឋានគតិយុត្ត សម្រាប់​គ្រប់គ្រង​រដ្ឋបាលថ្នាក់ក្រោមជាតិនៅ​មានកំរិតនៅឡើយដែលទាមទារឱ្យមានវគ្គ​បណ្តុះ​បណ្តាល​តម្រង់ទិសសម្រាប់​ពួកគាត់ដោយវគ្គបណ្តុះបណ្តាលតម្រង់ទិស នាពេល នេះគឺមានសមាសភាពចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់​ ដែលជាប់ឆ្នោតថ្មី មានចំនួន ៣១៥ នាក់ ស្រី៨៣នាក់ ចែកចេញជា​ ៣វគ្គ​ ដោយ​១វគ្គមាន​ ២បន្ទប់ និង​មានរយៈ​ពេល​ ​២ថ្ងៃដូចគ្នា​ ដែលមានប្រធានបទសំខាន់ៗ ចំនួន​ ៩ជំពូក​ ដូចខាងក្រោម៖-ជំពូកទី១៖​ ទិដ្ឋភាពទូទៅ-ជំពូកទី២៖​ រចនាសម្ព័ន្ធ តួនាទី​ ភារកិច្ច ខ្សែគណនេយ្យភាព និងទំនាក់ទំនងអន្តររដ្ឋបាល-ជំពូកទី៣៖​ ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់តំណែង-ជំពូកទី៤៖​ កិច្ចប្រជុំក្រុមប្រឹក្សា​-ជំពូកទី៥៖​ ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល-ជំពូកទី៦៖​ ការផ្តល់សេវាសាធារណៈ-ជំពូកទី៧៖​ កិច្ចការរដ្ឋបាល -ជំពូកទី៨៖​ ការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សា និងការគ្រប់គ្រងបុគ្គលិក-ជំពូកទី៩៖​ ការគ្រប់គ្រងហិរញ្ញវត្ថុ ។ សូមបញ្ជាក់ថា​ កាលបរិច្ឆេទ​នៃវគ្គបណ្ដុះបណ្ដាលតម្រង់ទិសទាំង​ ៣វគ្គនេះ​ គឺ៖

-ថ្ងៃ​ទី​ ១៦-១៧​ ខែសីហា​ ឆ្នាំ​២០២២​ សម្រាប់​ សមាជិក​ សមាជិកា​ ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ នៃក្រុងសៀមរាប​ ស្រុកប្រាសាទបាគង​ និងស្រុកពួក​។

-ថ្ងៃ​ទី​ ១៨-១៩​ ខែសីហា​ ឆ្នាំ​២០២២​ សម្រាប់​សមាជិក​ សមាជិកា​ ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ នៃស្រុកសូទ្រនិគម​ ស្រុកស្វាយលេី​ ស្រុកអង្គរជុំ​ និងស្រុកជីក្រែង។

-ថ្ងៃ ទី ២២-២៣ ខែសីហា ឆ្នាំ ២០២២ សម្រាប់ សមាជិក សមាជិកា ក្រុម ប្រឹក្សា ឃុំ សង្កាត់ នៃស្រុកក្រឡាញ់ បន្ទាយស្រី ស្រុកអង្គរធំ ស្រុកវ៉ារិ ន និងស្រុកស្រីស្នំ៕

អត្ថបទទាក់ទង