គោលបំណងនៃវេទិកានេះគឺ ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ដើម្បីឈានទៅរកការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។ ម៉្យាងវិញទៀត គោលការណ៍ណែនាំនេះក៏មានបំណងជំរុញឱ្យអ្នកពាក់ព័ន្ធធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឱ្យបានយល់ច្បាស់បន្ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ផលិតផល១ ធ្វើយ៉ាងណាឱ្យការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញពួកគាត់ចូលជាសមាជិកចលនានេះបានទូលំទូលាយ។
លោក នាក់ ណេរ៉ុន មានប្រសាសន៍ថាដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្តសៀមរាប និងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយ ជំរុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ ជំរុញឱ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទងនឹងការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយការចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍។ លោកបានបន្ថែមទៀតថា រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងបន្តណែនាំដល់ម្ចាស់ផលិតផល ឬអាជីវករដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិ ឱ្យបន្តខិតខំបំពេញបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗរបស់ផលិតផលរបស់ខ្លួន ព្រមទាំងជំរុញដល់អ្នកផលិត និងអ្នកប្រើប្រាស់មានទំនាក់ទំនងគ្នាសម្រាប់ឱកាសទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs ក្នុងគោលបំណង ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នា និងបង្ហាញពីតម្រូវការផលិតផលរបស់ខ្លួន និងឱកាសទីផ្សារសម្រាប់ផលិតផលចាំបាច់សម្រាប់តម្រូវការផលិតផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សួង ណយ មានប្រសាសន៍ថា ការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកលក់នេះគឺទាមទារឱ្យមានការសាមគ្គី ឈរលើគោលការណ៍ សុចរិតភាព គុណភាព អនាម័យ និងរក្សាតម្លៃទៅតាមស្តង់ដារតម្លៃទីផ្សារ និងទាមទារឱ្យមានការចូលរួមយ៉ាងសកម្មផងដែរពី ក្រសួង អង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍផលិតផលថ្មីៗក៍ដូចជាពង្រឹងគុណភាពនិងសមត្ថភាពពាណិជ្ជកម្មនៃផលិតផលដែលមានស្រាប់ នេះជាគោលការណ៍គ្រឺះ ដែលយើងចង់បាន សំដៅធ្វើឱ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប កាត់បន្ថយការនាំចូលនូវទំនិញប្រើប្រាស់មួយចំនួនមកពីប្រទេសជិតខាង៕