
បន្ទាប់ពីលោកជំទាវ សុិន ណមសមាជិកា ក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត បានរាយការណ៍ជូនអង្គសិក្ខាសាលាទាំងមូល ពីសកម្មភាព និងវឌ្ឍនភាពរីកចម្រេីនដែល គ.ក.ស.ក ខេត្ត បានខិតខំអនុវត្តន៍ក្នុងឆ្នាំ២០២២កន្លងមក។
លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធាន គ.ក.ស.ក ខេត្ត ក៏បានលេីកឡេីងថា ឆ្នាំ២០២២នេះ គឺជាឆ្នាំទី១០ ដែល គ.ក.ស.ក ខេត្ត បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងនេះឡើងក្នុងការឆ្លុះបញ្ចាំងលទ្ធផសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ នៃការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ក.ស.ក ខេត្ត និងបណ្តាវិស័យរបស់ខ្លួន ដែលបានធ្វើសកម្មភាពក្នុងការជំរុញគាំទ្រ និងដោះស្រាយបញ្ហាទាំងឡាយដែលកើតមានឡើងចំពោះស្រ្តី យុវជន កុមារ និងជនងាយរងគ្រោះក្នុងរយៈពេលពេញមួយឆ្នាំ២០២២កន្លងមក។ ម្យ៉ាងទៀត សិក្ខាសាលានេះ ក៏ជាការរកធាតុចូល ដើម្បីធ្វើការកែលម្អតម្រង់ទិសបន្ថែមដល់បណ្តាវិស័យរបស់ខ្លួន និងដើម្បីចូលរួមក្នុងកម្មវិធីពានរង្វាន់ផ្នែកសេវាសង្គមផងដែរ ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។ ទោះបីជាបណ្តាវិស័យដែលពាក់ព័ន្ធនឹង គ.ក.ស.ក ខេត្ត បានចុះជំរុញ និងគាំទ្រដល់ គ.ក.ស.ក ក្រុង ស្រុក និង គ.ក.ន.ក ឃុំ សង្កាត់ ក៏ពិតមែនតែនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះយើងទាំងអស់គ្នាបន្តខិតខំគាំទ្របន្ថែមទៀតដល់ គ.ក.ស.ក ក្រុង-ស្រុក និង គ.ក.ន.ក ឃុំ-សង្កាត់ ដើម្បីឱ្យការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានស្របទៅតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របទៅតាមសៀវភៅនារីរតនៈរបស់ក្រសួងកិច្ចការនារីដែលបានដាក់ចេញ។
សិក្ខាសាលាអស់រយៈពេលមួយថ្ងៃនេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពបន្តទៅប្រកបដោយភាពម៉ឺងមាត់ និងម្ចាស់ការក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ក.ស.ក ខេត្ត ដើម្បីសម្របសម្រួល និងផ្តល់យោបល់ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ចាប់តាំងពីអាណត្តិទី១ រហូតដល់បច្ចុប្បន្ន ហើយសកម្មភាពទាំងនេះ ក៏បានរួមចំណែកក្នុងអនុវត្តគោលនយោបាយកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាមានជាអាទិ៍ ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងបានបង្កើតនូវយន្តការ និងនីតិវិធីនានា ដើម្បីធានាបញ្ហាស្ត្រី យុវជន កុមារ និងក្រុមជនងាយរងគ្រោះត្រូវបានយកចិត្តទុកដាក់ក្នុងកិច្ចដំណើរការ នៃការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងចែករំលែកនូវព័ត៌មានពាក់ព័ន្ធនឹងការកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងយកចិត្តទុកដាក់អនុវត្តនាពេលបច្ចុប្បន្ន ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយសមធ៌ម តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន សំដៅកាត់បន្ថយភាពក្រីករបស់ប្រជាពលរដ្ឋ៕