
ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រមប្រឹក្សាខេត្ត ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមពិធីលៀងសាយភោជន៍អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ គម្រប់៦២ យាងចូល៦៣ព្រះវស្សា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវគណៈអភិបាលខេត្តទាំង៦ខេត្ត ឯកឧត្តម ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានការិយាល័យកុងស៊ុល ប្រចាំខេត្តសៀមរាប លោក លោកស្រី ប្រតិបត្តិករ អាជីវករ និងបងប្អូនប្រជាជនជប៉ុន ភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។
ឯកឧត្តម អភិបាលខេត្តក៏បានសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុនទាំងមូល ដែលកន្លងមកតែងតែបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានចូលរួមការពារនូវអធិបតេយ្យភាព ឯករាជ្យភាព បុព្វហេតុនៃការបង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងសន្តិភាពនៅកម្ពុជា ដោយឡែក ខេត្តសៀមរាបក៏បានទទួលនូវអត្ថប្រយោជន៍ នៃទំនាក់ទំនងតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបណ្តុះបណ្តាលនូវធនធានមនុស្ស កសិកម្ម ការអភិរក្ស ជួលជុលប្រាសាទបុរាណ ជាពិសេសគឺគម្រោងទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប ហើយថ្មីៗនេះក៏បានសាងសង់អាគារបន្ថែមក្នុងមន្ទីរពេទ្យបង្អែកខេត្តថែមទៀតផង។
ឯកឧត្តម បន្តថា ខេត្តសៀមរាបក៏បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុង នៃប្រទេសជប៉ុនចំនួន ០៤ខេត្ត-ក្រុងផងដែរ។ ផ្លែផ្កាដែលកើតចេញពីភាពជាបងប្អូននេះ បាននាំមកនូវការរីកចម្រើនថ្មីៗបន្ថែមទៀតឥតឈប់ឈរ៕