
ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ (CAMSOC-CAMAPGOC) បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អស់លោក ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ ក្នុងការចូលរូមផ្តល់ជាមតិយោបល់ដើម្បីរកដោះស្រាយរាល់បញ្ហាដែលយើងបានគ្រោងទុកសម្រាប់ថ្ងៃប្រារព្ធកម្មវិធីប្រោសព្រះរាជទានអគ្គីជ័យកីឡា និង ការរក្សាទុកភ្លើងគប់។ ដោយឡែក ការរៀបចំប្រោសប្រទាននូវគប់ភ្លើងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ គឺត្រូវរត់គប់ភ្លើងនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ដោយចាប់ផ្តើមចេញពីខេត្តសៀមរាប និងការរៀបចំការរត់ភ្លើងគប់តាមវង់តូចក្នុងតំបន់អង្គរ ១ជុំ រួចបន្តទៅកាន់តាមបណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួចហើយបន្តរត់នៅជុំវិញបឹងទន្លេសាប រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ហើយនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។ ឯកឧត្តម បានបន្តទៀតថា ចំពោះការងារព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្រគល់ភារកិច្ចការងារទាំងនេះទៅឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ ជាអ្នកទទួលខុសត្រូវ និងតំណាង ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រីក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្កេមឆ្នាំ២០២៣ផងដែរ។
ជាមួយគ្នានេះ អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំខេត្តសៀមរាប ក៏បានយកចិត្តទុកដាក់នឹងខិតខំអភិវឌ្ឍន៍ខេត្ត ដើម្បីឱ្យរីកចម្រើន មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលកាន់តែកៀកចូលមកដល់នាពេលឆាប់ៗខាងមុខនេះ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរប និងជាពិសេសគឺការងារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងការយាងមកប្រទាននូវគប់ភ្លើងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រមទាំងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារស្របតាមគោលនយោបាយច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផងដែរ៕