រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយ គោលការណ៍ណែនាំបច្ចេកទេសស្តីពី ការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ក្នុងព្រះរាជាណាចក្រកម្ពុជា

  • 229
  • ដោយ vannak

នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកអង្គសិក្ខាសាលាផ្សព្វ ផ្សាយ គោលការណ៍ណែនាំបច្ចេកទេស ស្តីពីការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំមន្ទីរសាធារណការ​ និងការិយាល័យគ្រប់គ្រងទឹកកខ្វក់ មកពី២៤ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ចំនួន​ ១២៣នាក់ ក្រោមវត្ថមានរបស់ឯកឧត្តម សួន ភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួង សាធារណការ និងដឹកជញ្ជូន និង អស់លោក លោកស្រីប្រធាននាយកដ្ឋាន នាយករងរដ្ឋបាលខេត្ត មន្ត្រីសាលាខេត្ត ក្រុង ផងដែរ ។ ឯកឧត្តម សួន ភារិទ្ធ ក៏បានលើកឡើងថា អង្គសិក្ខាសាលានេះ ក្នុងគោលបំណងនៃការរៀបចំចងក្រងសៀវភៅ គោលការណ៍ណែនាំបច្ចេកទេស ខាងលើនេះ គឺផ្តល់នូវគោលការណ៍ វិធីសាស្ត្រ និងស្តង់ដារ ការណែនាំបច្ចេកទេសចាំបាច់នានា ដែលសមស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ។ សៀវភៅនេះត្រូវកំណត់ប្រើប្រាស់ជាឯកសារគោល សម្រាប់រៀបចំនូវផែនការអភិវឌ្ឍ និងការសិក្សាគម្រោងដើម្បីសាងសង់ ប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យមានសង្គតិភាពបច្ចេកទេស ។ ឯកឧត្តមបានបន្តទៀតថា វិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីផ្តោតលើការកែលម្អបរិស្ថាន និងការថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋ។ ដោយទទួលបានគាំទ្រជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមជំនាញបច្ចេកទេស JICA បានពួតដៃគ្នារៀបចំសៀវភៅ គោលការណ៍ណែនាំបច្ចេកទេស ស្តីពីការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី ជាជំនួយ និងផ្តល់ការណែនាំបច្ចេកទេស នៅក្នុងការរៀបចំធ្វើផែនការអភិវឌ្ឍ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់។ឯកឧត្តមក៏បាន គូសបញ្ជាក់ថា ក្នុងបរិបទនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែធ្វើការងារយ៉ាងសកម្ម និងមមាញឹក ជាមួយភាគីពាក់ព័ន្ធនានា រួមទាំងស្ថាប័នជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សំខាន់ៗ ក្នុងការស្វះស្វែង រកនូវដំណោះស្រាយចាំបាច់ រួមទាំងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការរៀបចំនូវគោលនយោបាយយុទ្ធសាស្ត្រ ឯកសារបច្ចេកទេស និងបទដ្ឋានគតិយុត្តិ ចាំបាច់ សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវនេះអាចធ្វើទៅបានប្រកបដោយ បរិយាប័ន្ន មានប្រសិទ្ធភាពខ្ពស់ និងមាននិរន្តភាព។ ម៉្យាងទៀត ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ នឹងលើកកំពស់គុណភាព ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង និងទីប្រជុំជន តាមរយៈការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យ ឲ្យកាន់តែប្រសើរឡើង ដែលជួយលើកកម្ពស់ការអភិវឌ្ឍក្នុងទីក្រុង។ក្នុងអង្គសិក្ខាសាលានោះដែរ ក៏មានធ្វើបទបង្ហាញ អំពីសកម្មភាពលទ្ធផលគ្រប់គ្របប្រព័ន្ធលូទឹកកខ្វក់ និង ការសាងសង់ ថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ របស់នាយកដ្ឋាន និង បណ្តាស្ថានីយ៍បូម និងចម្រោះទឹកកខ្វក់ ខេត្ត ក្រុង និង អំពីស្ថានភាព បច្ចុប្បន្នភាពរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ក្នុងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។ ក្នុងនោះដែរលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ក៏បានធ្វើនូវបទបង្ហាញ អំពីសកម្មភាពរបស់ស្ថានីយ៍ប្រព្រឹត្តកម្មប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ គឺការកែលម្អអនាម័យសាធារណៈនិងការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មសម្រាប់ជីកសិកម្ម(ជីសរីរាង្គ)។ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុ​ និងបច្ចេកទេស របស់សមាគមអភិបាលក្រុង និយមនិយាយភាសាបារាំង (AIMF) សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស(SIAAP) ទីភ្នាក់ងារទឹក សែនណកម៉ង់ឌី (AESN) បានរួមគ្នាអនុវត្តនូវគម្រោងផលិតជីសរីរាង្គក្រោមការសហការដៃគូអភិវឌ្ឍសាធារណៈរដ្ឋបារាំង នៅខេត្តសៀមរាប ។ឆ្លៀតឱកាសនោះដែរឯកឧត្តម សួន ភារិទ្ធ បានដឹកនាំប្រតិភូសិក្ខាកាមទាំង២៤ខេត្ត ចុះទស្សនកិច្ចសិក្សា ស្វែងយល់ នូវស្ថានីយ៍បូមទឹកកខ្វក់ (វត្តចក) និង ស្ថានីយ៍ប្រព្រឹត្តកម្មប្រព្រឹត្តិកម្មទឹកកខ្វក់ ព្រមទាំងស្ថានីយ៍ប្រព្រឹត្តកម្មប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ ដែលទទួលបានគាំទ្រឥណទានពី ទីភ្នាក់ងារទឹក សែនណកម៉ង់ឌី (ASEN)ចំនួន៩សែនអ៉ឺរ៉ូ សមាគមអភិបាលក្រុង និយមនិយាយភាសា បារាំង (AIMF)​៤សែនអ៉ឺរ៉ូ និងសហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស(SIAAP)ចំនួន​ ៤សែនអ៉ឺរ៉ូដែរ សរុបសហហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងចំនួន​ ១លាន៧០០ពាន់អ៉ឺរ៉ូ ហើយ នៅពេលដំណើរ នឹងផលិតសរីរាង្គបាន ៥០០តោនក្នុងមួយឆ្នាំ ៕

អត្ថបទទាក់ទង