
លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្ដសៀមរាប បានថ្លែងថា កត្តាមនុស្ស កត្តាមធ្យោបាយ និងកត្តាផ្លូវថ្នល់ ជាហេតុនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ ប៉ុន្តែកត្តាទាំងនេះ គ្រាន់តែជាកត្តារួមផ្សំប៉ុណ្ណោះ កត្តាសំខាន់ដែលអាចជៀសវាងគ្រោះថ្នាក់ចរាចរណ៍បាននោះគឺ ខ្លួនយើង ដូច្នេះ ខ្លួនយើងត្រូវចេះការពារខ្លួនឯង ត្រូវកំណត់អ្វីដែលត្រូវធ្វើ និងអ្វីមិនគួរធ្វើ ខណ:កន្លងមកនេះ បញ្ហាគ្រោះថ្នាក់ចរារចរណ៍ បានបណ្ដាលឱ្យបាត់បង់អាយុជីវិត រងរបួស និងខាតបង់ទ្រព្យសម្បត្តិ និងក្រុមគ្រួសារផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាបាន បន្សល់ទុកនូវកុមារកំព្រា ស្រ្តីមេម៉ាយ ជនពិការ និងទុរគតជន ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។
លោក ពិន ប្រាកដ បានអំពាវនាវដល់គ្រប់អាជ្ញាធរគ្រប់ក្រុង-ស្រុកទាំងអស់ និងប្រជាពលរដ្ឋគ្រប់រូប ក្នុងខេត្តទាំងមូល ត្រូវបង្កើនកិច្ចសហប្រតិបត្តិការគ្នាឱ្យបានសស្រាក់សស្រាំ ដើម្បីចូលរួមអនុវត្តច្បាប់ និងបទប្បញ្ញត្តិច្បាប់ចរាចរណ៍នានា សំដៅប្រែក្លាយផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ របស់អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងរួមគ្នាប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឱ្យទៅជាប្រទេសមួយ មានសុវត្ថិភាពចរាចរណ៍ ដ៏គួរឱ្យកក់ក្តៅរបស់យើង។ ជាមួយនោះក៏សូមឱ្យអ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវថ្នល់ សូមចូលរួមអនុវត្តឱ្យបាននូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” និងសូមបន្តយកចិត្តទុកដាក់ និងចូលរួមអនុវត្តលើកិច្ចការមួយចំនួន ដោយមុនចាប់ផ្តើមបើកបរយានជំនិះ អ្នកបើកបរត្រូវប្រកាន់ទម្លាប់ជាស្វ័យប្រវត្តិ ត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានជំនិះ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជានិច្ច ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុនៅលើផ្លូវថ្នល់ ជាពិសេសត្រូវចងចាំជានិច្ចថា “មួកសុវត្ថិភាពមួយ ការពារជីវិតបានម្នាក់” ៕