
លោក អភិបាលរងខេត្ត បានបញ្ជាក់ថាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ពិតជាទទួលបានការសាទរ និងវាយតម្លៃខ្ពស់ពីសំណាក់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋទូទៅ ហើយកម្មវិធីនេះ បានលើកកម្ពស់សុខុមាលភាពមាតា និងទារក រួមចំណែកដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភដល់ស្ត្រី និងកុមារក្នុងគ្រួសារក្រីក្រចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី និងផ្តល់នូវកិច្ចគាំពារ មួយយ៉ាងពិតប្រាកដ ដើម្បីរក្សាលំនឹងទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ។ លោក អភិបាលរងខេត្តបានបន្តថាក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានធ្វើការបណ្តុះបណ្តាលតាមរយៈកិច្ចប្រជុំ ប្រចាំត្រីមាស បណ្តុះបណ្តាលបន្ថែមទាំងថ្ងៃ សៅរ៍ អាទិត្យ ចុះតាមដាន និងត្រួតពិនិត្យ ដល់រដ្ឋបាល ឃុំ សង្កាត់ និង មូលដ្ឋានសុខាភិបាលសាធារណៈ ព្រមទាំងមានការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ វិទ្យុជាតិ ធ្វើជាវាគ្មិនក្នុងវិទ្យុ បង្កើតកម្រងសំណួរសម្រាប់ធ្វើតេស្តសមត្ថភាព តាម Link ដោយបានផ្ញើចូលក្រុមតេលេក្រាម ទាំង ឃុំ សង្កាត់ និងសុខាភិបាលខេត្ត ដើម្បីពង្រឹងសមត្ថភាពបន្ថែម ។
លោក អភិបាលរងខេត្តបានបន្តថាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៣ ចំនួន អ្នកទទួលផលជាស្ត្រីមកចុះឈ្មោះសរុបចំនួន ១២,៥៤៩នាក់ និងកុមារចំនួន ៣,២៩១នាក់ និងអ្នក ទទួលផលបានមកអនុវត្តលក្ខខណ្ឌនៅតាមមណ្ឌលសុខភាព ស្ត្រីចំនួន ២៣,៦៨៧ករណី និងកុមារ ៧៧,៤៤៤ករណី និងសម្រាលកូនចំនួន ៧,៩៦១នាក់ ស្មើនឹងទឹកប្រាក់សរុប ៥,៩៥២,៨៤០,០០០រៀល ។
សូមបញ្ជាក់ផងដែរថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងអត្រាឧបត្ថម្ភថ្មី នឹងចាប់ផ្ដើមដាក់អោយអនុវត្តចាប់ពីថ្ងៃទី០១ខែសីហាឆ្នាំ២០២៣ តទៅ៕