
លោកស្រី អភិបាលរងខេត្តក៏បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពដទៃទៀត ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការបង្កើនចំណេះដឹង ជំនាញ ឥរិយាបថ ការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពការងារ និងសមត្ថភាពសម្រាប់ការបង្កើតមុខរបរ និងការបង្កើនឱកាសការងារ។ អាស្រ័យដោយពិនិត្យឃើញអំពីសារៈសំខាន់ដូចនេះ ទើបរដ្ឋបាលខេត្តគាំទ្ររាល់សកម្មភាពបណ្តុះបណ្តាលក្នុងវិស័យ TVET ដែលទាំងនេះសុទ្ធសឹងតែជាគោលដៅរួមរបស់រាជរដ្ឋាភិបាល ក្រោមការដឹក
នាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅលុបបំបាត់ភាពក្រីកតាមរយៈការបណ្ដុះបណ្តាលប្រជាពលរដ្ឋឲ្យមានជំនាញបច្ចេកទេស និង វិជ្ជាជីវៈ មនុស្សម្នាក់ ជំនាញមួយ ! ជំនាញពិត ជីវិតប្រសើរ។
លោកស្រីអភិបាលរងខេត្តបានបន្តថា ក្នុងកំឡុងពេលដែលពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជាផងដែរកំពុងប្រឈមនឹង បញ្ហាការរីករាលដាលនៃជំងឺរីដ-១៩ ខេត្តសៀមរាប បានរងការប៉ះពាល់ធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ ជាពិសេសលើសេដ្ឋកិច្ចរបស់ខេត្ត ប៉ុន្តែថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ បាន ខិតខំប្រឹងប្រែងរិះរកគ្រប់វិធី ព្រមទាំងមានការជ្រោមជ្រែងពីប្រមុខរាជរដ្ឋាភិបាល ដូចជាផែនការមេសម្រាប់ទេសចរណ៍របស់ខេត្ត រួមទាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដូចជាការសាងសង់ ផ្លូវថ្នល់ លូរំដោះទឹក ដើម ក្នុងគោលបំណងស្តារវិស័យទេសចរណ៍របស់ខេត្តឡើងវិញ។ បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ខេត្តសៀមរាបក៏មានសក្តានុពលលេីវិស័យទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាច្រើន តាមរយៈផ្លូវ៣៨ ខ្សែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ឱ្យបានធ្វើឱ្យ ក្រុងសៀមរាប បានប្រែមុខមាត់យ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន និងធ្វើឱ្យស្ដង់ដារស់នៅមានការកើនឡើង។ ព្រមជាមួយនេះដែរ ព្រលានយន្តហោះថ្មី ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងខែតុលាខាងមុខនេះ តាមរយៈការទទួលចុះចតនូវយន្តហោះធំៗ និងជើងហោះហើរផ្ទាល់ ក៏ជាកត្តាមួយជម្រុញឱ្យភ្ញៀវទេសចរកើនឡើង រួមទាំងជម្រុញនូវកំណើនសេដ្ឋកិច្ចលើ គ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ និងធ្វើអោយតម្រូវការទីផ្សារការងារកើនឡើងផងដែរ។ មិនត្រឹមតែប៉ុណ្ណឹង រដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ខេត្តសៀមរាបនឹងក្រុង ភ្នំពេញនាពេលខាងមុខនេះ ដែលជាផលចំណេញ ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង ជួយកាត់បន្ថយពេល វេលា និងចំណាយថ្លៃដើមទាបក្នុងការដឹកជញ្ជូនទំនិញជាដើម ពិសេសជំរុញវិស័យទេសចរណ៍ ដលអ្នកសៀមរាបយើងទន្ទឹងនិងបំណងប្រាថ្នាផងដែរ៕