
ផ្អែកតាមលទ្ធផលនៃរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៣ ក្រុមការងារដែលមានគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ និងអង្គការដៃគូជាតិ អន្តរជាតិ បានធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងច្បាប់ពាក់ព័ន្ធ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព វេទិកាសាធារណៈ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព នៅតាមសហគមន៍ និងផ្សព្វផ្សាយតាមប៉ុស្តិ៍វិទ្យុ ទូរទស្សន៍ បានចំនួន ៥៧៣លើក ដែលមានអ្នកចូលរួមសរុប ២៦ ៦៥៣ នាក់ ស្រី ១៦ ៤២៨ នាក់។ បន្ថែមពីនោះ ក្រុមការងារក៏បានធ្វើការចែកខិតប័ណ្ណស្តីពី ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ បានចំនួន ២ ៣០៦ខិតប័ណ្ណ និងបានធ្វើការផ្សព្វផ្សាយអំពីស្ពតអប់រំអំពីគ្រឿងញៀន និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ បានចំនួន ៧៩៥០លើកផងដែរ។ លើសពីនោះទៅទៀត សមត្ថកិច្ចបានដាក់កម្លាំងជំនាញចុះល្បាតក្នុងការគ្រប់គ្រងគោលដៅតាមសួនសាធារណៈ តំបន់ផាប់ស្ទ្រីត តាមមាត់ស្ទឹងសៀមរាប ដើម្បីការពារ និងត្រួតពិនិត្យជាប្រចាំតាមគោលដៅដែលប្រឈម អាចកើតមានបទល្មើស ព្រមទាំងបានចុះធ្វើកិច្ចសន្យាតាមគោលដៅសង្ស័យមានប្រព្រឹត្តបទល្មើស នៅកន្លែងអាជីវកម្មម៉ាស្សា ភោជនីយដ្ឋាន និងខារ៉ាអូខេ បានចំនួន២៥កន្លែង និងបានបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន០២ករណី (ករណីរូបភាពនិងសម្ភារៈអាសអាភាសនៃកុមារ និងរំលោភសេពសន្ថវៈ ០១ករណី និងករណីញុះញ៉ង់ឱ្យអនីតិជនសុំទាន ០១ករណី) បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះបានប្រគល់ទៅមន្ទីរសង្គមកិច្ច ដើម្បីធ្វើការកំណត់ និងប៉ាន់ប្រមាណដើម្បីផ្តល់សេវា។
អង្គប្រជុំក៏បានធ្វើការពិនិត្យ និងពិភាក្សា លើបញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជ្រើសរើសពលករនាំចេញទៅធ្វើការនៅបរទេស, ពង្រឹងទៅលើការធ្វើអធិការកិច្ចនៅតាមមណ្ឌលថែទាំជំនួសនៅក្នុងខេត្តឱ្យបានគ្រប់មណ្ឌល និងត្រូវមានវិធានការឱ្យម៉ឺងម៉ាត់ចំពោះមណ្ឌលថែទាំណាមិនអនុវត្ត ឬ គោរពទៅតាមគោលការណ៍និងបទដ្ឋានអប្បបរិមាដែលក្រសួងបានកំណត់។ បន្ថែមពីនោះ អង្គប្រជុំបានពិភាក្សាទៅលើបញ្ហា នៃការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ការកំណត់អត្តសញ្ញាណជនរងគ្រោះ និងបានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគ្នាឱ្យកាន់ស្អិតរមួតបន្ថែមទៀត លើការអនុវត្តនីតិវិធីនានា ការបង្ក្រាបបទល្មើស ការជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលាពងឹ្រងសមត្ថភាព និងពង្រីកការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ អំពីបញ្ហាពាក់ព័ន្ធនឹងរូបភាពនៃអំពើជួញដូរមនុស្ស និងការរំលោភបំពាននានា៕