
នាឱកាសនោះ ឯកឧត្តម បានអបអរសាទរនូវតួនាទីថ្មីរបស់សម្តេច ព្រះព្រហ្មរតនមុនី ដែលព្រះអង្គមានតួនាទីបន្ថែម ក្នុងការចូលរួមសហការជាមួយ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ដើម្បីពង្រឹងព្រះធម៌ ព្រះវិន័យរបស់ព្រះសម្មា សម្ពុទ្ធ ក៏ដូចជាពិធីកម្មផ្សេងៗ ឱ្យមានលក្ខណៈ និងខ្លឹមសារតែមួយទូទាំងខេត្តសៀមរាប ក៏ដូចជាវត្តអារាម ដែលស្ថិតនៅតាមរមណីយដ្ឋានក្នុងតំបន់អង្គរឱ្យមានរបៀបរៀបរយល្អ និងរាល់សំណង់ផ្សេងៗ ត្រូវសិក្សាទៅតាមបច្ចេកទេសប្លង់មេឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងច្បាប់របស់ អាជ្ញាធរជាតិអប្សរា។
ឯកឧត្តម បានបន្តថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង បាននឹងកំពុងបន្តរីកចម្រើនទៅមុខទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាល ទាំងអាណត្តិទី៦ និងអាណត្តិថ្មីទី៧ នៃរដ្ឋសភា បានខិតខំធ្វើសុខដុមរមនាកម្មសាសនាទាំងអស់ឱ្យរួមរស់ក្នុងដំបូលសន្តិភាពតែមួយ ហើយគ្រប់សាសនាទាំងអស់ មានគោលបំណងផ្តល់នូវសេចក្តីប្រាថ្នារួមគឺ សេចក្តីសុខរបស់សព្វសត្វទាំងអស់៕