
ក្នុងលក្ខណៈជាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការសាលាខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសាលាខេត្តអស់រយៈពេល១ឆ្នាំមកនេះ ទទួលបាននូវលទ្ធផលជាផ្លែផ្កាជាទីមោទនៈក្រៃលែង។ ឯកឧត្តមទាំងពីរក៏បានបន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និងធ្វើឱ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានធ្វើការណែនាំមួយចំនួន និងផ្តាំផ្ញើដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និង មានការសាមគ្គីភាពផ្ទៃក្នុង និងត្រូវទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរ អង្គភាពឱ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឱ្យបានទាន់ពេលវេលា។ នាពេលខាងមុខនេះ ខេត្តសៀមរាបនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ និងរៀបចំឱ្យផ្សារបណ្តែតទឹក ដេីម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនាកំសាន្តនៅខេត្តសៀមរាប។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំ ដែលជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរម្តងៗ តែងតែធ្វើការជួបជុំសំណេះសំណាលនៃមហាគ្រួសារមន្ត្រីសាលាខេត្ត ដែលមានមន្ត្រីជារៀបច្បង និង មន្ត្រីរាជការសាលាខេត្តសៀមរាបទាំងអស់ទទួលបានឧបត្ថម្ភនូវថវិកា និងឧបត្ថម្ភសម្ភារផ្សេងៗដល់បងប្អូនយកទៅប្រើប្រាស់ទៅតាមសេចក្តីតម្រូវការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៕