
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ស្របតាមផែនការយុទ្ធសាស្ត្ររបសរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទី១ ដែលក្នុងបញ្ចកោណទី១ ស្តីពី “ការអភិវឌ្ឍមូលធនមនុស្ស” ដោយក្នុងនោះ រាជរដ្ឋាភិបាលបន្តផ្តោតលើកិច្ចការអាទិភាពចំនួន ៥ផងដែរ។ ក្នុងនោះកិច្ចការអាទិភាពទី៣ ស្តីពី “ការលើកកម្ពស់ សុខ ភាព និងសុខមាលភាពប្រជាជន” គឺមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអាត្រាឈឺ និងស្លាប់បណ្តាលពីជំងឺមិនឆ្លងចម្បងៗ ការបន្តលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដឹកនាំបរិវត្តកម្ម និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល ការបន្តបង្កើនគុណភាព និងសមត្ថភាពរោគវិនិច្ឆ័យ ក្នុងការព្យាបាល និងការថែទាំការបន្តពង្រឹងគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ការលើកកម្ពស់សមត្ថភាពជំនាញ កាលើកកម្ពស់កិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាជនតាមសហគមន៍។ ជាពិសេស កិច្ចការអាទិភាពទី៤ ស្តីពី “ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង” គឺមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំទ្រសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធស្បៀង ដែលផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” និងដោយគោរពតាមអភិក្រមចំនួន៤គឺ៖ ១. ចីរភាពនៃកម្មវិធី ២. លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ ៣.ការធានាបរិយាប័ន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរគមន៍របស់រដ្ឋ លើគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ
៤. ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម តាមរយៈការអភិវឌ្ឍន៍ប្រព័ន្ធ។
សិក្ខាសាលានេះ គឺដេីម្បីផ្សព្វផ្សាយ និងស្វែងរកធាតុចូលដេីម្បីកសាងផែនការយុទ្ធសាស្ត្រប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ ក្នុងគោលបំណងធ្វេីការវិភាគទៅលេីប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ វិធីសាស្ត្រនេះគឺមិនមែនត្រឹមតែធ្វេីឱ្យប្រសេីរឡេីងនូវកំណេីនសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឬការកែលម្អប៉ុណ្ណោះទេ ប៉ុន្តែដេីម្បីគ្រប់គ្រងទំនាក់ទំនងជាយុទ្ធសាស្ដ្ររវាងកំណេីនសេដ្ឋកិច្ច បរិយាបន្នសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ៕