
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីធ្វើការត្រួតពិនិត្យការផ្តល់សេវារដ្ឋបាលសេវាសាធារណៈ និងពង្រឹងបន្ថែមទៅលើអភិបាលកិច្ច និងការអភិវឌ្ឍនធនធានមនុស្ស ឱ្យកាន់តែមានប្រសិទ្ធភាព នៅថ្នាក់ក្រោមជាតិ ដែលបានអនុវត្តទៅលើសេវាសុខាភិបាល ការអភិវឌ្ឍនវិស័យអប់រំ និងសេវារដ្ឋបាលឃុំ សង្កាត់។ មានប្រសាសន៍ស្វាគមន៍នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត បានលើកឡើងថា ការអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងខេត្តសៀមរាប បានអនុវត្តលើការផ្ដល់សេវាកម្រិតឃុំ សង្កាត់ នៃក្រុង ស្រុកទាំង១២ និងពង្រីកការអនុវត្តលើការផ្ដល់សេវាកម្រិតក្រុង ស្រុក ចំនួន០៣ (រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកក្រឡាញ់ និងរដ្ឋបាលស្រុកវ៉ារិន)។ ដោយឡែកការអនុវត្តគម្រោងសមាហរណកម្មគណនេយ្យភាពសង្គម ទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៣ រដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អង្គការទស្សនៈពិភពលោក (WVI) នៅក្នុងស្រុកគោលដៅ ចំនួន០៤ ក្នុងរដ្ឋបាលស្រុកចំនួន០២, ISAF DMK មានស្រុកក្រឡាញ់ និងស្រុកវ៉ារិន និងកម្រិតមូលដ្ឋាន មានរដ្ឋបាលឃុំ ចំនួន៤១ សាលាបឋមសិក្សា ចំនួន២០១ និងមណ្ឌលសុខភាព ចំនួន៣៦ ផងដែរ។ លោកស្រី បានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមស្វាគមន៍ និងសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងលើកទី៦ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ និងសូមអបអរសាទរចំពោះសមិទ្ធផល ដែលគម្រោងសម្រេចបានជាច្រើនកន្លងមកគួរជាទីមោទនៈ ដែលបានឆ្លើយតបទៅនឹងតម្រូវការចំាបាច់ និងទាន់ពេលវេលាដល់ប្រជាពលរដ្ឋនៅក្នុងមូលដានក្នុងស្រុកឃុំគោលដៅនានាក្នុងខេត្តសៀមរាប។ ហើយវាពិតជាបាន ផ្សារភ្ជាប់ និងមានការឆ្លើយតបនឹងកំណែទម្រង់ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពិតប្រាកដមែន។ ហើយលោកស្រីសង្ឃឹមយ៉ាងមុតមាំថា ការអនុវត្តគម្រោងលើកទី៦នេះ នឹងមានការពង្រីកគោលដៅបន្ថែម ហើយនិងទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត ពិសេសការឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណ នេយ្យភាពសង្គមថ្នាក់ក្រោមជាតិ (គ.គ.អ.ស) បានមានប្រសាសន៍ថា គណនេយ្យភាពសង្គម គឺជាកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានគោលបំណងផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេសក្រុមដែលតំណាងឱ្យផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះ ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ លើសពីនេះទៅទៀត វាគឺជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយវាក៏ជាមធ្យោបាយមួយដែលបន្ស៊ីគ្នារវាងគោលការណ៍ទាំងឡាយនៃអភិបាលកិច្ច ដែលក្នុងនោះរាល់ការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តសកម្មភាពជាសាធារណៈនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានប្រកាន់យកតាមកិច្ចដំណើរការនេះ។ ជាទូទៅ កិច្ចដំណើរការនេះ រួមមាននូវរាល់សកម្មភាពទាំងឡាយណាដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍របស់ខ្លួន និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្តល់សេវានានា ដែលជាអ្នកអនុវត្តសេចក្តីសម្រេចចិត្តទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិ បទបញ្ញត្តិ ធនធាន និងការផ្តល់សេវានៅមូលដ្ឋាន៕