
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញពីលទ្ធផលដែលគណៈប្រតិភូ និងដៃគូអភិវឌ្ឍន៍នានា បានសិក្សាស្វែងយល់ រៀនសូត្រ និងពិនិត្យមើលដំណើរការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប ដែលក្នុងនោះនៅស្រុកក្រឡាញ់បានគណៈប្រតិភូបានសិក្សារៀនសូត្រ ពីការអនុវត្តការងារគណនេយ្យភាពសង្គមលើការផ្ដល់សេវាកម្រិតក្រុង ស្រុក ខណ្ឌ (ISAF-DMK) និងនៅស្រុកពួក គណៈប្រតិភូបានសិក្សារៀនសូត្រ ពីការអនុវត្តការងារគណនេយ្យភាពសង្គមកម្រិតមូលដ្ឋាន ដែលរួមមានសាលាបឋមសិក្សាអធិបតី មណ្ឌលសុខភាពត្រីញ័រ និងរដ្ឋបាលឃុំត្រីញ័រ។ ជាលទ្ធផលនៃដំណើរបេសកកម្ម បានពិនិត្យលើវឌ្ឍនភាព និងមេរៀនបទពិសោធន៍ល្អៗ គណៈប្រតិភូក៏បានរកឃើញនូវបញ្ហាប្រឈមមួយចំនួនដែលរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធគួរពិចារណា និងរិះរកវិធីដោះស្រាយដូចជា៖
-ការអភិវឌ្ឍសមត្ថភាពបន្ថែមដល់មន្រ្តីបង្គោលថ្នាក់ស្រុក អង្គភាពផ្តល់សេវា និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍(CAFs) ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ជាពិសេស ការងារគណនេយ្យភាពសង្គមលើការផ្តល់សេវារដ្ឋបាលស្រុក
-ការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋអំពីការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុក នៅមានកម្រិតនៅឡើយ
-ការគាំទ្របច្ចេកទេស និងធនធានក្នុងការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យ ភាពសង្គម (JAAP) ជាពិសេសគម្រោង សកម្មភាពដែលត្រូវការធនធានខាងក្រៅទាំង ថ្នាក់ឃុំ និងថ្នាក់ស្រុកក៏នៅមានកម្រិតផងដែរ
-ការគាំទ្រថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគាំទ្រដល់ដំណើរការអនុវត្តសកម្មភាព គណនេយ្យភាពសង្គមពុំទាន់បានទូលំទូលាយ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ប្រធានអង្គប្រជុំ បានផ្តល់នូវអនុសាសន៍មួយចំនួនដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តការងារ គណនេយ្យភាពសង្គមដូចខាងក្រោម៖
១. សូមបន្តគាំទ្រ សហការសម្របសម្រួលដល់គ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តការងារ គណនេយ្យភាពសង្គម។
២. សូមជំរុញក្នុងការគ្រោងថវិកា និងប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត មូលនិធិក្រុង ស្រុក ឃុំ សង្កាត់គាំទ្រដល់ការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោម៕