
លោក យុន លីនណេ ដើម្បីចូលរួមចំណែក្នុងការអនុវត្តសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល លេីវិស័យបរិស្ថាន និងមុខងារវិស័យបរិស្ថាន និងធនធានធម្មជាតិដែលបានប្រគល់ជូនរដ្ឋបាលក្រុង ខណ្ឌ ស្រុក រដ្ឋបាលខេត្តសៀមរាបបាននឹងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលដៃគូអភិវឌ្ឍន៍ រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពការងារយ៉ាងសកម្ម នឹងទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល។ ជាក់ស្តែងសិក្ខាសាលាថ្ងៃនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការពិនិត្យនូវវឌ្ឍនភាពនូវការអនុវត្តមុខងារវិស័យបរិស្ថាននិងធនធានធម្មជាតិ ដែលបានអនុវត្តដោយរដ្ឋបាលក្រុងខណ្ឌស្រុក កន្លងមក និងប្រមូលនូវធាតុចូលសម្រាប់ចំណុចខ្វះខាតក្នុងការអនុវត្តនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យបរិស្ថាន។
ឯកឧត្តម ចាយ សាមិត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ ១៨២ អនក្រ.បក ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាល ក្រុង អនុក្រឹត្យលេខ ១៨៣ អនក្រ.បក ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌសម្រាប់រាជធានីភ្នំពេញ និងអនុក្រឹត្យលេខ ១៨៤អនក្រ.បក ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាននៅថ្នាក់ក្រុងខណ្ឌស្រុក។ ឯកឧត្តម បន្តទៀតថា ក្នុងនោះ មុនងារវិស័យបរិស្ថាន និងធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបានប្រគល់ជូនរដ្ឋបាលក្រុង ខណ្ឌ និងស្រុករួមមាន៖ ១.ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ២.ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ៣.ការងារគាំពារបរិស្ថាន ៤.ការងារផ្សព្វផ្សាយ និង៥.ការងារអភិវឌ្ឍដោយចីរភាព ដែលគាំទ្រដល់ការអនុវត្តនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការវិស័យបរិស្ថាន ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម រដ្ឋលេខាធិការបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធិភាព និងរក្សាចីរភាព។ ការកែទម្រងការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានដឹកនាំអនុវត្តរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយនិងការប្រែប្រួលអាកាសធាតុ ទំនើបកម្មរដ្ឋបាលនិងហិរញ្ញវត្ថុប្រកបដោយចីរភាព និងការលើកម្ពស់ការទូតបៃតង៕