
លោក យុន លីនណេ អភិបាលរង បានបញ្ជាក់ថាការរៀបចំវេទិកាផ្តផ្គងរវាងអ្នកផលិត និងអ្នកទិញ ក្រោមគម្រោង “អភិវឌ្ឍន៍អាជីវកម្ម និងការទទួល បានទីផ្សារ សម្រាប់ អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម(ភូមិ១ផលិតផល១) និងគម្រោង សហគមន៍នេសាទ បង្កើត ការងារ ជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបប៉ែកខាងលិច ខេត្តសៀមរាប ក្នុងគោលបំណងដូចបានជម្រាបជូនខាងលើនេះ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប និងក្រុមលេខាធិការដ្ឋានជាជំនួយការ ឱ្យគណៈកម្មាធិការ សូមគាំទ្រ នឹងចូលរួមផ្សព្វផ្សាយ នឹងជំរុញ ការអនុវត្តចលនាភូមិ១ផលិតផល១ ឱ្យបានជោគជ័យ ដើម្បី រួមចំណែកអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិរបស់រាជរដ្ឋាភិបាល។
លោក បានបន្ថែមទៀតថាដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត និងខិតខំ ប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អ ប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយ ជំរុញ នឹងចងក្រងផលិត សេវាករ នឹងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនា ភូមិ១ផលិតផល១ ព្រមទាំងអភិវឌ្ឍន៍ធន៍ធនធានមនុស្សទាក់ទងនឹង ការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបាន ចំណេះដឹង បទពិសោធន និងចូលរួមចំណែកកាត់បន្ថយភាព ក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និង គុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍។
ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយរៀបចំឡើងវិញនូវគោលនយោបាយជាតិ ស្តីពីការជម្រុញចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០១៦-២០២៦ និងបានកសាងផែនការយុទ្ឋសាស្ត្រជាតិជម្រុញចលនាភូមិមួយផលិតផលមួយលើកទី១ ឆ្នាំ២០១៩-២០២៣ ។ នៅចុងឆ្នាំ២០២១ គណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយ ផលិតផលមួយ បានចប់ដំណាក់កាលទី១ នៃចលនាភូមិមួយ ផលិតផលមួយ និងនៅឆ្នាំ២០២១ ដែលមានខេត្តចំនួន១០ ចងក្រងបាន១២០ផលិតផល នៅឆ្នាំ២០២២ ទាំង២៥ រាជធានី/ខេត្ត ចងក្រងបាន ៦០០ផលិតផល ដោយឡែកខេត្តសៀមរាប មាន៤២ ផលិតផល ៕