
យុទ្ឋនាការ ៨ មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវាស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ រៀងរាល់ឆ្នាំ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលតែងតែប្រារព្ធពិធីនេះ ដើម្បីរំលឹកអំពីប្រវត្តិនៃការខិតខំរបស់ចលនាស្ត្រីពិភពលោកក្នុងការទាមទារសិទ្ធិសេរីភាពនៅក្នុងសង្គមដូចបុរសដែរ និងឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។ នៅក្នុងឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្ត ដោយមានការចូលរួមសហការពីមន្ទីរ-អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល វិស័យឯកជន រួមទាំងបណ្តាញផ្សព្វផ្សាយបាន និងកំពុងរៀបចំយុទ្ធនាការអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ក្នុងគោលបំណងបន្តរំលេចពីតម្លៃ នៃការចូលរួមរបស់ស្រ្តី ដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជា ទាំងស្រ្តី និងបុរស នឹងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយនឹងប្រជាពលរដ្ឋ នៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក ជាពិសេសនៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ចសង្គម ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការកសាងភាពធន់ រឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឆ្លើយតបនឹងប្រធានបទនេះដែរ យើងត្រូវរួមគ្នាលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក ស្រី្តជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុងការធានាឱ្យបាននូវចីរភាព នៃសុខសន្តិភាព និងពន្លឿនកិច្ចអភិវឌ្ឍន៍ជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។
ក្នុងបរិយាកាសនេះ ការយកចិត្តទុកដាក់ និងការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាថា ស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងអនុវត្តនូវសិទ្ធិចូលរួមដោយស្មើភាព ដែលជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងរស់នៅក្នុងសង្គម ដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកបដោយសុខមាលភាព។ អំពើហិង្សាលើស្រ្តី ជាទម្រង់ដ៏អាក្រក់មួយ នៃការរំលោភបំពានសិទ្ធិស្រ្តី ដោយបានបង្កគ្រោះថ្នាក់ភ្លាមៗដល់អាយុជីវិតរបស់ស្រ្តីរងគ្រោះក៏ដូចជាផលប៉ះពាល់អវិជ្ជមានយូរអង្វែងផ្នែករាងកាយ ប្រាជ្ញាស្មារតី សុខភាពផ្លូវចិត្ត ផ្លូវភេទ និងសុខភាពបន្តពូជរបស់ស្រ្តីរងគ្រោះ និងកូនៗរបស់ពួកគេផងដែរ។ ផលវិបាកទាំងនេះបានដាក់បន្ទុកផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាល នៃបណ្តាប្រទេសលើសកលលោក ដែលនាំឱ្យមានការខាតបង់ថវិកាគិតជាទឹកប្រាក់រាប់សិបលានដុល្លារ សម្រាប់ការចំណាយលើសេវាសុខភាព ការបាត់បង់ផលិតភាព ជម្រកសុវត្ថិភាពស្រ្តីរងគ្រោះ និងកូនៗ សេវាសង្គមកិច្ច ដើម្បីស្តារនីតិសម្បទាស្រ្តីរងគ្រោះ សេវាច្បាប់ និងសេវាចាំបាច់ផ្សេងៗទៀត ដើម្បីគាំទ្រជនរងគ្រោះ។ ដើម្បីឈានទៅសម្រេចឱ្យបាននូវកិច្ចការអាទិភាពខាងលើប្រកបដោយប្រសិទ្ធភាព គឺតម្រូវឱ្យមានការចូលរួមរបស់សង្គម និងយើងទាំងអស់គ្នា ក្នុងការផ្លាស់ប្តូរទស្សនៈ ដែលមានលក្ខណៈប្រពៃណីហួសសម័យ ដោយប្រកាន់យកទស្សនៈ និងឥរិយាបទជាវិជ្ជមានស្របតាមការវិវត្តន៍របស់សង្គម ដោយទទួលស្គាល់ពីតួនាទីបច្ចុប្បន្ន និងនាពេលអនាគតរបស់ស្រ្តី ដែលមានចំនួន ៥០ភាគរយ នៃប្រជាពលរដ្ឋសរុប និងជាចលករដ៏សំខាន់ រួមចំណែកក្នុងការព្លឿនកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិប្រកបដោយចីរភាព៕
+4
164Reach Ren, Rem Sophal និង 162 នាក់ផ្សេងទៀត