នារសៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០២០ នៅមន្ទីរពេទ្យខេត្តសៀមរាបបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយវិធានការបង្ការ ការចម្លងជំងឺកូវីដ១៩ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការ ចូលរួមពីមន្ត្រីជំនាញ ព្រមទាំងវត្តមានសិក្ខាកាមជាតំណាងមកពីបណ្តាមន្ទីរ អង្គភាព ស្ថាប័ននានាក្នុងខេត្ត សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត ផ្នែកឯកជននិងប្រតិបត្តិករទេចរណ៍ជាច្រើននាក់ផងដែរ។
បន្ទាប់ពីបទបង្ហាញរបស់មន្ត្រីជំនាញរួចមក ឯកឧត្តម ទៀ សីហា បានកោតសរសើរនិងថ្លែងអរគុណចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្ត គ្រូពេទ្យ ដែលបានអនុវត្តការងារយ៉ាងសកម្ម ដោយប្រុងប្រយ័ត្នទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ ធ្វើឲ្យខេត្តសៀមរាបយើងមានស្ថានភាពល្អប្រសើរជាងមុន ប្រជាពលរដ្ឋមិនមានការភ័យខ្លាចដូចការបំផុសពត៌មានមិនពិតនោះទេ ។
ទន្ទឹមនឹងនោះ អាជ្ញាធរខេត្តក៏បានយកចិត្តទុកដាក់សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ពិនិត្យស្រាវជ្រាវ ទប់ស្កាត់ និងបានធ្វើការណែនាំចំពោះម្ចាស់គណនេយ្យហ្វេសប៊ុកមួយចំនួនតូចដែល "បំប៉ោងស្ថានភាព បំពុលដល់សង្គម បង្កើនការភ័យខ្លាច បង្កការរើសអើង ធ្វើបាបប្រជាពលរដ្ឋខេត្តសៀមរាប ដោយបង្ហោះព័ត៌មានមិនពិត " ហើយបញ្ហាព័ត៌មានមិនពិតនេះ គឺជាជម្ងឺឆ្លងខ្លាំងជាងជម្ងឺកូវិដ១៩ទៅទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋ បាក់បង់នូវអារម្មណ៍ស្មារតីទៀតផង ។ ឯកឧត្តមបានមានប្រសាសន៍ថា ជម្ងឺកូវីដ១៩ស្រដៀងគ្នា ទៅនឹងជម្ងឺផ្តាសាយធំ បើយើងមានប្រព័ន្ធការពាររាងកាយល្អ ធ្វើអនាម័យជាប្រចាំជម្ងឺមិនងាយនឹងឆ្លងចូលបានទេ ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តក៏អំពាវនាវ និងណែនាំដល់បងប្អូននិងណែនាំអោយបន្តការថែរក្សាសុខភាព និងវិធានការការពាររបស់ក្រសួងសុខាភិបាល៕