រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំពិគ្រោះ​យោបល់​លើកចុងក្រោយ​ ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន”

  • 92
  • ដោយ vannak

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤​ លោក​ យុន​ លីនណេ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្យសៀមរាប​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះ​យោបល់​លើកចុងក្រោយ​ ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម "ភ្នំគូលែន"​ ក្រោមអធិបតីភាពឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងឯកឧត្ដម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ​ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋានជំនាញ ប្រធានមន្ទីរបរិស្ថាន លោកនាយក នាយករង និងមន្រ្តីឧទ្យា​នុ​រក្ស​ តំបន់ការពារ​ធម្មជាតិ នៃក្រសួង​បរិស្ថាន​ ប្រធានមន្ទីរជំនាញនៃក្រសួងពាក់ព័ន្ធ លោកអភិបាលស្រុក និងលោក/លោកស្រីមេឃុំ ដែលជា​សមាជិក​សមាជិការ នៃក្រុមការងារនេះ​ តំណាងអង្គការជាតិ និងអង្គការអន្តរជាតិ។ លោក​ យុន​ លីនណេ​ អភិបាលរងខេត្ត​ មានប្រសាសន៍ថា​ ខេត្តសៀមរាបជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារវត្តមាន​​ប្រាសាទអង្គរវត្តដ៏ល្បី​ល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាប​កំពុង​ប្រែក្លាយ​រូបរាងជាក្រុង​ទំនើប​តាម​រយៈ​កំណើន​​សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើ​ឱ្យវិស័យ​ទេសចរណ៍។ រមណីយដ្ឋាន​​ផ្សេង​ទៀតដែលនៅក្បែរ​ក្រុងសៀមរាបមានរាជធានីអង្គរធំ ​ប្រាសាទអង្គរវត្ត ប្រាសាទ​បាយ័ន ប្រា​សាទ​ភ្នំបាខែ​ង​ ប្រាសាទ​បក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេង​ទៀតបាន និងកំពុងទាក់ទាញភ្ញវទេសចរណ៍ ពិសេសភ្ញៀវទេសចរណ៍បរទេស។​ ខេត្តសៀមរាបមានតំបន់ការពារធម្មជាតិចំនួន៨ ក្នុងនោះឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូ​លែន​»​ ជាតំបន់ការពារធម្មជាតិ១ ក្នុងចំណោមតំបន់ការពារធម្មជាតិទាំង៨។ លោកអភិបាលរងខេត្ត​ បានបន្តទៀតថា​ ឧទ្យានជាតិទាំងមូលត្រូវបានត្រូវបានរៀបចំសេចក្តព្រាងតំបន់គ្រប់គ្រង របាយការណ៍​បច្ចេកទេស​ និង​មាន​កម្មវិធី​គ្រប់​គ្រងនិងបានប្រជុំពិគ្រោះយោបល់ច្រើនដងរួចមកហើយ ​ដូច្នេះកិច្ចប្រជុំពិគ្រោះ​យោបល់​លើកចុង​ក្រោយ​ស្តីពី «ការ​កំណត់ និងបែងចែកតំបន់គ្រប់គ្រង នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»​ នាពេលនេះនឹង​ចង្អុលបង្ហាញឱ្យកាន់តែច្បា​ស់បន្ថែម​ទៀត ពីតំបន់ដែលមានសក្តានុពលកំណត់ជាស្នូល និង​តំបន់​អភិរក្ស ដែល មានតំលៃសម្រាប់​ការពារ​ធនធានធម្មជាតិ​ដ៏​មានតំលៃសម្រាប់ជាតិ មាតុភូមិរបស់យើង និងតំបន់​មួយចំនួន​ទៀត​មានតំលៃ​សម្រាប់​សេដ្ឋកិច្ច​ជាតិ ​សហគមន៍​មូលដ្ឋាន ដែលគួរជាតំបន់ប្រើប្រាស់ដោយចីរ​ភាព និង​ភូមិករ ស្រែ​ចម្ការ ដីលំនៅដ្ឋាន និងដី​អាស្រ័យ​ផលជាក់​ស្តែង​របស់ប្រជាពលរដ្ឋ ជា​តំបន់សហគមន៍។ ​លោក​ យុន​ លីនណេ​ បានបញ្ជាក់ថា​ លោកសូមគាំទ្រយ៉ាងពេញទំហឹងលើការបង្កើតឱ្យមានការកំណត់ និង​បែងចែក​តំបន់​គ្រង់គ្រងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូ​លែន​»​ ហើយខ្ញុំមានជំនឿយ៉ាង​ម៉ុតមាំថា ក្រោយពីបានរៀបចំកំណត់ និង​បែងចែក​តំបន់​គ្រង់គ្រង ធនធានធម្មជាតិ ជាពិសេសសត្វព្រៃសំខាន់ៗ ដែលជាប្រភេទ​មាន​ដោយ​កម្រ ប្រភេទជិតផុតពូ ប្រភេទកំពុងទទួលរងគ្រោះថ្នាក់ នឹងត្រូវបានការពារ​អភិរក្ស និងគ្រប់គ្រងបានកាន់តែ​ប្រ​សើ​ឡើង ហើយនាពេលអនាគតដ៏ខ្លីខាមុខនេះ ធនធានធម្មជាតិរបស់ជាតិយើង​នឹងមាន​​ការកើនឡើង​ជាលំដាប់។ ជាមួយគ្នានេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងបរិស្ថាន មន្ទីរ​បរិស្ថាន មន្រ្តី​ឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការ និងចូលរួមក្នុងដំណើ​ការរៀបចំកិច្ចប្រជុំ​ដ៏មាន​សារៈ​សំខាន់នេះឡើង។​ លោកក៏បានស្នើដល់មន្ទីរពាក់ព័ន្ធ អាជ្ញាធរឃុំ ស្រុក ពិនិត្យសេចក្តីព្រាងផែនទីកំណត់ និងបែងចែក​​តំបន់គ្រប់គ្រង​ឧទ្យានជាតិលើកចុងក្រោយ និងផ្តល់ធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យក្រុម​ការងារ​អាច​ដំណើ​ការរៀបចំ​កំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង អនុវត្តទៅបានដោយឆាប់រហ័ស និង​ទាន់​ពេល​វេលា ព្រោះនេះជាកិច្ចការប្រវត្តិសាស្ត្រដើម្បីបន្សល់ទុ​កឱ្យកូនចៅជំនាន់ក្រោយរបស់​យើងទាំង​អស់​គ្នា៕

អត្ថបទទាក់ទង