រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការគាំពារ និងអភិវឌ្ឍកុមារតូច ថ្នាក់ក្រោមជាតិ ខេត្តសៀមរាប

  • 53
  • ដោយ vannak

នៅរសៀលថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប បានបើកអង្គក្នុងសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យការអនុវត្តការគាំពារ និងអភិវឌ្ឍកុមារតូច ថ្នាក់ក្រោមជាតិ ខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជននិងកីឡា សហការជាមួយអង្គការយូនីសេហ្វកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម ប្រធានគណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ នៃក្រុមប្រឹក្សាខេត្តសៀមរាប លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និង លោកបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារនិងជាប្រធាននាដ្ឋានអប់រំកុមារតូច ដោយមានការចូលរួមពីអស់លោក លោកស្រីជាប្រតិភូក្រសួង , តំណាង អង្គការ យូនីសេហ្វកម្ពុជា មន្ទីរអង្គភាពពាក់ព័ន្ធ ទីចាត់ការផែនការនិងវិនិយោគ លោក លោកស្រី តំណាងអង្គការក្រៅរដ្ឋាភិបាល ប្រមាណ ២១នាក់ចូលរួម ។មានប្រសាសន៍នោះដែរលោកជំទាវ ស៊ិន ណម បានគូសបញ្ជាក់ថា អង្គសិក្ខាថ្ងៃនេះមានគោលបំណងចំនួនពីរ គឺ ទី(១) ស្វែងយល់អំពីសារៈសំខាន់ នៃយន្តការគាំពារ និងអភិវឌ្ឍកុមារតូចជាទម្រង់ពហុវិស័យ និងទី(២)យល់ដឹងអំពីនីតិវិធី នៃការចូលរួមកសាងផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ ។ បន្ថែមពីនេះ អង្គវេទិការដែលបានរៀបចំពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ដែលបានផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធបានជជែកគ្នាអំពីបញ្ហាប្រឈម ហើយក៏នឹងជជែកគ្នាពីដំណោះស្រាយ និងផែនការបន្ត ដើម្បីធ្វើយ៉ាងណាឲ្យកុមារតូចគ្រប់រូប មានឱកាសបានចូលរៀន និងទទួលបានគុណភាពអប់រំប្រកបដោយសមធម៍ និងបរិយាបន្ន។ ក្នុងនោះដែរលោកជំទាវ បានចាត់ទុកវេទិការនេះ ជាការចូលរួមចំណែកមួយផ្នែក ដើម្បីជួយលើកស្ទួយគុណភាព នៃការអប់រំនៅក្នុងខេត្តសៀមរាប ដើម្បីឆ្ពោះទៅសម្រេចបាន (គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ឆ្នាំ២០៣០) របស់ក្រសួងអប់រំ យុវជននិងកីឡា នៃ យុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៅតែបន្តចាត់ទុក ការអភិវឌ្ឍធនធានមនុស្ស ឬវិស័យអប់រំជាអាទិភាពទីមួយ ក្នុងនោះដែរ ធនធានមនុស្សក៏ជាទុនមួយយ៉ាងសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីធ្វើការអភិវឌ្ឍប្រទេសយើង ។ លោកជំទាវ ស៊ិន ណម ក៏បានធ្វើការក្រើនរំលឹកផងដែរ ដើម្បីចូលរួមចំណែកក្នុងការធ្វើយ៉ាងណាឲ្យសម្រេចបានតាមផែនការនេះ ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអង្គភាពពាក់ព័ន្ធ សាលារៀន អាណាព្យាបាល និង អង្គការដៃគូរអប់រំទាំងអស់ ត្រូវតែចូលរួមនិងសហការគ្នា ក្នុងការបង្កើនឱកាសដល់កុមារទាំងនៅមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ពង្រឹងគុណភាពនៃការអប់រំតាមសាលារៀន និងសហគមន៍របស់ខ្លួនប្រកបដោយសមធម៍ ។ លោកជំទាវបានយកវេទិការនេះ កោតសសើរដោយស្មោះចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូអប់រំទាំងអស់ ដែលបានខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយគុណភាព នៃការអប់រំនៅក្នុងខេត្តសៀមរាប ជាលទ្ធផលនៃការរៀនសូត្ររបស់សិស្សានុសិស្សក្នុងខេត្ត យើងបានទទួលលទ្ធផលគួជាទីមោទកភាពពីមួយឆ្នាំទៅមួយឆ្នាំ ។ក្នុងបទបង្ហាញនោះដែរលោកបណ្ឌិត ប្រាក់ កុសល បានបញ្ជាក់ថាសារៈសំខាន់នៃការគាំពារនិងអភិវឌ្ឍកុមារតូច គឺចាប់ពីនៅក្នុងផ្ទៃម្តាយ ព្រមទាំងចាំបាច់ត្រូវមានយន្តការអនុវត្តបែបពហុវិស័យ។ លោកបន្តទៀតថា រយៈពេលដ៏សំខាន់នៃ ការអភិវឌ្ឍកោសិកាខួរក្បាលរបស់កុមារ ចាប់ពីកុមារចូលមត្តេយ្យសិក្សា ដល់វ័យកុមារតូចចូលសាលារៀន ដោយផ្តោតលើការអប់រំមាតាបិតា ការភ្ញោជអាន សរសេរ និង សុខភាពកុមារ កិច្ចការសង្គម និង ការអនុវត្តជាវិជ្ជមានរបស់មាតាបិតា ព្រមទាំងគុណភាពសេវានោះ ទើបធ្វើឲ្យគន្លងសមត្ថភាពខ្ពស់នៃការត្រៀមរបស់កុមារចូលរៀនបានត្រឹមត្រូវ។ លោកបណ្ឌិតក៏បានលើកផងដែរ អំពីគន្លងនាំឲ្យរំខានធ្ងន់ធ្ងរដល់ការត្រៀមរបស់កុមារចូលរៀនផងដែរ។ ដូច្នេះកុមារតូចទាំងអស់ ត្រូវទទួលបានសេវាអប់រំប្រកបដោយគុណភាព ដើមី្បត្រៀមខ្លួនចូលរៀននៅសាលាបឋមសិក្សា ៕

អត្ថបទទាក់ទង