រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ព្រៃឈើជាសរសៃឈាមក្នុងវិស័យកសិកម្ម និងជាអាយុជីវិតរបស់ប្រជាកសិករនិងជាប្រភពនៃកំណើននៃសេដ្ឋកិច្ចជាតិ

  • 68
  • ដោយ vannak

នៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០២៤ កូនឈើព្រៃលិចទឹក ចំនួន៣​ ០០០ដើម មានកូនរាំង តាអួរ ផ្ទោល កន្សែង ម្តេញ និង សណ្តាន់ ត្រូវបានយកទៅដាំលើផ្ទៃដីព្រៃលិចទឹករិចរិល ចំនួន ២ ហិកតា នៅចំណុចស្រែខ្យង ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដែលរៀបចំឡើងដោយអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន ក្រោមវត្តមានរបស់លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប និង មានការនិមន្ត អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ ដាំកូនឈើព្រៃលិចទឹក ពីព្រះសង្ឃ អស់លោក លោកស្រី មន្ទីរពាក់ព័ន្ធអាជ្ញាធរស្រុក មន្ត្រីរាជការ មេឃុំ មេភូមិ កងកម្លាំង និងប្រជាការពារភូមិ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស អង្គការ និងប្រជាពលរដ្ឋប្រមាណជាង២០០នាក់ចូលរួមផងដែរ។ កម្មវិធីដាំកូនឈេីព្រៃលិចទឹកនេះ​ គឺទទួលបានជំនួយពីហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់​តាមរយៈអង្គការអុកស្វាមប្រចាំប្រទេសកម្ពុជា​ និងអនុវត្តដោយអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍​ និងបរិស្ថាន។លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានគូសបញ្ជាក់ថា ការដាំដើមឈើមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម និង មូលដ្ឋានរបស់ខ្លួនផងដែរ។ ថ្លែងក្នុងពិធីនោះដែរ លោក អ៉ឹង​ គឹមលាង ព្រៃឈើ គឺជាសរសៃឈាមក្នុងវិស័យ កសិកម្ម ដែលជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើននៃសេដ្ឋកិច្ចជាតិ។ ដូច្នេះយើងត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ សត្វព្រៃ និងដំាដើមឈើឲ្យបានគ្រប់ៗគ្នា។ ព្រឹត្តិការណ៍ដាំកូនឈើព្រៃលិចទឹកនេះ គឺជាការស្តារឡើងវិញនូវតំបន់ព្រៃរិចរិល​ ដើមី្បបង្កើននូវធនធានធម្មជាតិ និង ជាទីកន្លែងជម្រងពូជមច្ឆាជាតិពងកូន នៅក្នុងរដូវវស្សា និង ជាទីជម្រកស្នាក់នៅរបស់សត្វស្លាបគ្រប់ប្រភេទទៀតផង។ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា គោលដៅរបស់អាជ្ញាធរខេត្ត ក្នុងស្តារឡើងវិញនូវព្រៃលិចទឹក ដោយបានចលនាដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កង កម្លាំង និង សិស្សានុសិស្ស ក៏ដូចជាអង្គការដៃគូរ ដើមី្បធ្វើការដាំដុះកូនឈើព្រៃលិចទឹក នៅតាមតំបន់ព្រៃរីករឹល ក្នុងមួយ ឆ្នាំឲ្យបាន ២ម៉ឺនដើម ។ តែមកដល់ពេលនេះ រដ្ឋបាលខេត្តសហការជាមួយ អង្គការដៃគូរ ធ្វើការដាំដុះកូនឈើព្រៃលិចទឹក បានចំនួន៣គោលដៅ ស្មើ ១ម៉ឺន៣ពាន់ដើម ព្រមទាំងបន្តធ្វើការដាំដុះនៅកន្លែងផ្សេងៗទៀតនៅក្នុងតំបន់ព្រៃលិចទឹក មាត់បឹងទន្លេសាបនេះ ។ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ព្រៃឈើពិតជាផ្តល់នូវអត្ថប្រយោជន៍ និងមានសារៈសំខាន់ណាស់ចំពោះសង្គមមនុស្ស និងសត្វ ព្រោះវាអាចស្រូបយកឧស្ម័នការបូនិច្ច និងបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីសែន កាត់បន្ថយកំដៅ ផ្តល់នូវទីជម្រករបស់មនុស្ស សត្វ ជួយបង្កើននូវជីវជាតិដី ទប់ទល់ការហូរច្រោះនិយ័តកម្ម ផ្តល់នូវប្រភពទឹក និងជារបាំងការពារខ្យល់ព្យុះទៀតផង ។ ព្រៃឈើលិចទឹកក៏បានរួមចំណែកដល់អេកូទេសចរណ៍ និង បង្កើតការងារដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកំសាន្តជាដើម។ លោកអភិបាលរងខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឈ មន្ត្រីរាជការ សិស្ស កងកម្លាំង ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទឲ្យបានច្រើនជាអតិបរិមា នៅតាមវត្តអារាម ភូមិដ្ឋាន ទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ តាមដងផ្លូវនានា និង ត្រូវខិតខំថែរក្សារុក្ខជាតិទាំងអស់នេះឲ្យបានល្អ ដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ក៏ដូចជាមនុស្សជាតិទាំងមូល៕

អត្ថបទទាក់ទង