រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្តែងការគួរសម​ និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប​ និងស្ថានទូតសាធារណរដ្ឋហ្វីលីពីន​ ប្រចាំព្រះរាជាណាចក្រកម្ពុជា

  • 47
  • ដោយ vannak

នៅរសៀល​ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិ​បាល​ នៃគណៈអភិបាលខេត្តបានអនុញ្ញាតឱ្យលោកជំទាវ Flerida Ann Camille p. Mayo ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តសៀមរាប។ ក្នុងជំនួបនេះដែរលោកជំទាវបានបង្ហាញនូវបំណង ធ្វើឱ្យមានការហោះហើរត្រង់ពីប្រទេសហ្វីលីពីនមកកាន់ខេត្តសៀមរាប​ ដោយក្នុងពេលខាងមុខឆាប់ៗនេះ​​ ហេីយលោកជំទាវ​នឹងធ្វើការពិភាក្សាផ្ទាល់ជាមួយអាកាសចរ CEBU PACIFIC AIRLINE ដើម្បីសិក្សាអំពីការហោះហើរត្រង់មកកាន់ខេត្តសៀមរាប។ បន្ថែមពីលើនេះ​ ឯកឧត្តម​ អភិបាលខេត្តបានស្នើសុំទៅភាគីហ្វីលីភីនឱ្យមានការភ្ជាប់ទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប ជាមួយខេត្តសេប៊ូ (CEBU) របស់ប្រទេសហ្វីលីពីន ដែលជាខេត្តមានសក្តានុពលនាំមុខផ្នែកទេសចរណ៍របស់ហ្វីលីពីន រួមជាមួយនឹងការរីកចម្រើនក្នុងវិស័យម្ហូបអាហារ ភេសជ្ជៈ និងក្រុមហ៊ុនវិនិយោគផ្សេងៗទៀតដែលអាចមកវិនិយោគនៅខេត្តសៀមរាបផ្ទាល់។ ទន្ទឹមនោះ​ លោកជំទាវ​ បានជួបជាមួយបងប្អូនប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងរស់នៅក្នុងខេត្តសៀមរាប ភាគច្រើនពួកគាត់ប្រកបមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស និងជាបុព្វជិកសាសនាកាតូលិក និងខ្លះទៀតជាអ្នកស្ម័គ្រចិត្តក្នុងកិច្ចការសង្គម ពួកគាត់បានបង្ហាញអារម្មណ៍កក់ក្តៅក្នុងការទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្ត​ ចំពោះសុខទុក្ខ និងសុខសុវត្ថិភាពរបស់ពួកគាត់។​ ឯកឧត្តម​ អភិបាលខេត្តពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះការលើកឡើងរបស់លោកជំទាវ និង បន្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ជំរុញក្នុងវិស័យទេសចរណ៍ វិនិយោគ និងការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងខេត្តសេប៊ូ ដើម្បីឱ្យចេញជាលទ្ធផលផ្លែផ្កាសម្រាប់ជាប្រយោជន៍របស់ប្រជាជនខេត្តសៀមរាប និងប្រជាជនហ្វីលីពីន។

អត្ថបទទាក់ទង