រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី លទ្ធផលអង្កេតនវានុវត្តន៍រាជធានីខេត្តនៅកម្ពុជា ឆ្នាំ២០២២

  • 15
  • ដោយ vannak

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ វិទ្យាស្ថានជាតិស្ថិតិ សហការជាមួយមន្ទីរផែនការខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី លទ្ធផលអង្កេតនវានុវត្តន៍រាជធានីខេត្តនៅកម្ពុជា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ សារី អនុរដ្ឋលេខាធិការក្រសួងផែនការ លោក សុខ ថុល អភិបាលរងខេត្ត ប្រតិភូអមគណៈធិបតី ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធក្នុងខេត្ត រួមនឹងមន្ទីរផែនការខេត្តទាំង៧ និងវិស័យឯកជនផងដែរ។

មានប្រសាសន៍បើកកម្មវិធី លោក សុខ ថុល អភិបាលរងខេត្ត មានប្រសាសន៍ថា ការអង្កេតនវានុវត្តន៍២០២២ គឺដើម្បីឆ្លើយតបទៅ និងការកើនឡើងនៃតម្រូវការរបស់ប្រទេសជាតិ ក្នុងការប្រកួតប្រជែងក្នុងតំបន់ និងសកលលោកកាន់តែខ្លាំង ដែលជម្រុញឲ្យយើងត្រូវរួមគ្នាខិតខំអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានជាកម្លាំងជំរុញ និងជាកាតាលីករសម្រាប់ជួយឱ្យសម្រេចបាននូវតម្រូវការអភិវឌ្ឍស្របទៅនឹងគោលនយោបាយជាតិស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០ដល់២០៣០ ឲ្យកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។លោក ឡាយ ឆាន អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ ក៏បានឲ្យដឹងផងដែរថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលដៅឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃទិន្ន័យប្រកបដោយគុណភាព ប្រសិទ្ធភាពក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ លើសពីនេះអង្កេតនវានុវត្តន៍ត្រូវបានទទួលស្គាល់ថា ជាកត្តាចម្បងក្នុងការជំរុញប្រទេសជាតិមួយ ឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ ដូចនេះប្រទេសកម្ពុជា ត្រូវការនវានុវត្តន៍ជាកម្លាំងនាំមុខមួយសម្រាប់បង្កើនសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពីព្រោះនវានុវត្តន៍គឺជាកត្តាដ៏សំខាន់មួយ សម្រាប់ការបង្កើនផលិតភាព ការបង្ហាញពីគំនិត និងផលិតផលថ្មីនៅទីផ្សារ ហើយថែមទាំងអាចជួយដោះស្រាយបញ្ហាដូចជាការកាត់បន្ថយថ្លៃដើម ប្រព័ន្ធដំណើរការលឿន ឬ ប្រសើរជាងមុន ធ្វើឱ្យរចនាសម្ព័ន្ធគ្រប់គ្រង និងបណ្តាញរបស់ស្ថាប័នប្រសើរឡើងតាមការអភិវឌ្ឍប្រព័ន្ធថ្មី និងការរក្សានិរន្តរភាពកំណើនរយៈពេលវែងផងដែរ។

លោកបន្តថា សម្រាប់ឆ្នាំ២០២២ អង្កេតនវានុវត្តន៍ គឺជាការអង្កេតលើកដំបូងគេនៅកម្ពុជា ដោយវិទ្យាស្ថានជាតិស្ថិតិ និងក្រសួងផែនការ បានជ្រើសរើសរាជធានីខេត្តចំនួន៣ សម្រាប់ធ្វើអង្កេតនេះ គឺនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលជាខេត្តដែលមានសក្តានុពលខ្លាំង។

មានប្រសាសន៍ក្នុងឱកាសនោះ លោកខៀវ សារី ក៏បានបន្ថែមថា ការធ្វើអង្កេតស្តីពីនវានុវត្តន៍ វាគឺជាសោគន្លឹះសម្រាប់វិស័យកម្មន្តសាល និងវិស័យសេវាកម្ម ដើម្បីទទួលបាននូវឧត្តមភាពក្នុងការប្រកួតប្រជែងជាសាកលដែលកំពុងរីកចម្រើន។ នវានុវត្តន៍គឺជាការបង្ហាញពីគំនិតនិងឬផលិតផលថ្មីត្រូវបានណែនាំទៅកាន់ ទីផ្សារ ហើយនវានុវត្តន៍អាចជួយដោះស្រាយបញ្ហាដូចជាការកាត់បន្ថយថ្លៃដើម ប្រព័ន្ធដំណើរការលឿនឬប្រសើរជាងមុន ។ លោកបន្តថា ការធ្វើអង្កេតនេះ មានគោលបំណង ប្រមូលទិន្នន័យ ចងក្រង និងផ្សព្វផ្សាយព័ត៌មានអំពីនវានុវត្តន៍ នៃផលិតផល វិធីសាស្ត្រ រចនាសម្ព័ន្ធ និងទីផ្សារ រួមទាំងការស្រាវជ្រាវនិងអភិវឌ្ឍន៍ នឹងជាភ្នែកមួយសំខាន់ជួយឱ្យរាជរដ្ឋាភិបាលនិងស្ថាប័នដទៃទៀត មានការយល់ដឹងអំពីនវានុវត្តន៍នៃគ្រឹះស្ថានធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ឌីជីថលភាវូបនីយកម្ម ពិសេសផ្តល់នូវកាលានុវត្តភាពថ្មីក្នុងការបង្កើតមុខរបរ និងធុរកិច្ចថ្មីៗជាច្រើនបន្ថែមទៀតព្រមទាំងជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជាផងដែរ ។

អត្ថបទទាក់ទង