រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលខេត្ត អាណត្តិទី៤

  • 54
  • ដោយ vannak

នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ អាណត្តិទី៤ នៃរដ្ឋបាលខេត្ត បានដំណេីរការកិច្ចប្រជុំសាមញ្ញលើកទី១ ប្រចាំខែកក្កដា ឆ្នាំ២០២៤ ក្រោមកិច្ចដឹកនាំរបស់លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកសមាជិកាគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ និង បណ្តាអង្គការដៃគូរ ចំនួន ៣៣នាក់ចូលរួម។ លោកជំទាវ ស៊ិន ណម បានលើកឡើងថា នេះជាកិច្ចប្រជុំជាលើកដំបូង របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ នៃក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ហើយក៏ជាការប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ នៃរដ្ឋបាលខេត្ត អាណត្តិទី៤។ កិច្ចប្រជុំនេះ ដើម្បីធ្វើការពិនិត្យលើលទ្ធផលនៃការអនុវត្តការងារប្រចាំឆមាសទី១សម្រាប់ខែកក្កដា ឆ្នាំ២០២៤របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារខេត្ត ក្នុងការងារលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ នៅខេត្តសៀមរាប ដែលអនុវត្តក្នុងពេលកន្លងមក។ លោកជំទាវ ក៏បានធ្វើការណែនាំ ជំរុញបន្ថែម ដល់សមាជិក គ.ក.ស.ក. ត្រូវបន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រីនិងកុមារ ការលើកកម្ពស់ សីលធម៌សង្គមពង្រឹងភាពអង់អាចដល់ស្ត្រី ជួយអន្តរាគមន៍ជនរងគ្រោះនិងងាយរងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ និងជំរុញការអប់រំកុមារតូចៗដែលគ្រប់អាយុចូលរៀនបានទៅចូលរៀននៅ តាមមត្តេយ្យរដ្ឋនិងសហគមន៍ ព្រមទាំងលើក កម្ពស់សុខខមាលភាពមាតានិងទារក មុនពេលសម្រាលនិងក្រោយពេលសម្រាលឲ្យបានល្អប្រសើរបំផុត ។ លោកជំទាវ ស៊ិន ណម ក៏បានធ្វើការណែនាំដល់កិច្ចប្រជុំទាំងមូល លើការអនុវត្តគោលដៅរបស់ក្រសួង ដោយផ្តោតសំខាន់ ចំពោះការកសាងផែនការ ក្នុងការគាំទ្រលើកុមារតូចៗ ចំពោះការងារអប់រំសិក្សា លើកុមារតូចៗ ពីឆ្នាំ២០២៥ ដល់ឆ្នាំ ២០២៧ ។ ចំពោះឆ្នាំ២០២៤នេះ ក៏បានជម្រុញនូវផែនការគាំទ្រកុមារតូចៗនៅខេត្តសៀមរាប និងព្រះវិហារ ក្រោម គម្រោងរបស់អង្គការយូនីសេហ្វ ទៅលើសេវាសង្គម ។ លោកជំទាវបានគូសបញ្ជាក់ថា ដើមី្បអនុវត្តឲ្យបានជោគជ័យនូវ យុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានោះ គឺត្រូវធ្វើការចូលរួមកាត់បន្ថយភាពក្រីក្រ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា សម្រេចឲ្យបាននូវចក្ខុវិស័យនាឆ្នាំ២០៣០ ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និង បន្តឈានទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។ ដើមី្បប្រទេសជាមានការអភិវឌ្ឍន៍ទៅបែបនេះបាន ក៏ទាមទារក្នុងការពង្រឹងនូវមូលដ្ឋានគ្រឹះ ពីកុមារតូចៗទៅ ។ លោកជំទាវ ស៊ិន ណម ក៏បានលើកនូវសំណូមពរមួយចំនួន និង ជម្រុញដល់សមាជិកគ.ក.ស.ក.ត្រូវបន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រីនិងកុមារ និង បង្កើននូវកិច្ចទំនាក់ទំនងល្អនៅក្នុងមូលដ្ឋាន លើការពង្រីកនូវមត្តេយ្យសហគមន៍ សុខភាព អនាម័យ និង សូមឲ្យអង្គការដៃគូរ ចូលរួមជាសំខាន់លើការងារ ការប្រមូលក្រុមជនអនាថា ដែលបង្កភាពអាណាធិបត្តេយ្យនៅក្នុងក្រុង ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង ភ្ញៀវទេសចរណ៍ជាដើម ។ ម៉្យាងទៀតសូមឲ្យអង្គការដៃគូរ ជម្រុញដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ក្នុងការដាំដុះដំណាំរួមផំ្ស ដើមី្បបង្កើន និង គ្រប់គ្រងជីវភាពក្នុងក្រុមគ្រួសារ និង រកបានកម្រៃបន្ថែម ពីការងារដាំដុះនេះផងដែរ។ ឆ្លងតាមកិច្ចពិភាក្សាយ៉ាល្អិតល្អន់មក កិច្ចប្រជុំបានរកឃើញនូវគន្លឹះល្អៗ ជាមូលដ្ឋានគ្រឹះ សម្រាប់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដើមី្បយកអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៤ ។ ក្នុងនោះកិច្ចប្រជុំ ក៏បានធ្វើការអនុម័តទៅលើកប្រតិទិន នៃកិច្ចប្រជុំរបស់គ.ក.ស.ក.ទាំង១២ខែ ព្រមទាំងរបាយការណ៍ប្រចាំខែ និង ផែនការសកម្មភាពប្រចាំត្រីមាសទី៣ ផងដែរ ៕

អត្ថបទទាក់ទង