រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី៣ ដោយបានលើកយករបៀបវារៈចំនួន៣ ដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័ត

  • 27
  • ដោយ vannak

នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើក៣ របស់ខ្លួនដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៣ ដឹកនាំដោយ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីជាថ្នាក់ដឹកនាំសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។របៀបវារៈទាំង៣ ដែលអង្គប្រជុំត្រូវធ្វើការពិនិត្យពិភាក្សា និងអនុម័តនាពេលនេះរួមមាន៖ ១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ ,២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ និង៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប។ ជាមួយនោះអង្គប្រជុំ ក៏បានប្រកាសទទួលស្គាល់របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប គឺឯកឧត្តម ហ៊ូ វ៉ាន់នី ជាសមាជិកក្រុមប្រឹក្សាខេត្ត ជំនួសឯកឧត្តម ក្រុស សារ៉ាត់ ដែលបានសុំលាលែងពីសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ទៅកាន់តួនាទីជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប។ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានមានប្រសាសន៍ ទាក់ទងនឹងបញ្ហាមួយចំនួន ដែលបានលើកមកពិភាក្សាក្នុងអង្គប្រជុំ ដើម្បីឱ្យមន្ទីរអង្គភាពជុំវិញខេត្តរួមគិត រួមធ្វើ និងរកដំណោះស្រាយ រួមមាន៖ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើង បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាទប់ស្កាត់ទឹកជន់លិច នៅក្នុងរដូវវស្សានាពេលកន្លងមកនេះ និងការងារចុះបញ្ជីដីធ្លី ចែកបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ។ ឯកឧត្តមប្រធាន បានថ្លែងការកោតសរសើរដល់កងកម្លាំងគ្រប់ប្រភេទដែលបានខិតខំយកចិត្ត ទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវបានល្អ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ជាមួយនោះឯកឧត្តម ក៏បានជំរុញដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ត្រូវបន្តយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រី កុមារ និងការទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព។ ក្នុងនោះមន្ទីរអង្គភាពជំនាញត្រូវបន្តចុះអប់រំ ផ្សព្វផ្សាយដល់សិស្សានុសិស្សនៅតាមសាលាឱ្យបានយល់ដឹងដូចជាបញ្ហាបរិស្ថាន សុខាភិបាល ចរាចរណ៍ និងបញ្ហាគ្រឿងញៀនជាដើមផងដែរ។ក្នុងឱកាសនោះដែរ លោក យុន លីនណេ អភិបាលរងខេត្ត ក៏បានវាយតម្លៃខ្ពស់ទៅលើកិច្ចការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់។ គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព៕

អត្ថបទទាក់ទង