រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សិក្ខាសាលាបច្ចេកទេសស្ដីពីការរៀបចំ «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥» និង «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨»

  • 42
  • ដោយ vannak

ព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខរត្តសៀមរាប បានចូលរួមសិក្ខាសាលាបច្ចេកទេសស្ដីពីការរៀបចំ «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥» និង «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨» ក្រោមអធិបតីភាពឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៏ទេសចរណ៏សៀមរាប-អង្គរ (គ.អ.ទ.ស) នៃទីស្តីការគណៈរដ្ឋមន្រ្តី សិក្ខាសាលានេះមានការចូលរួមពីលោកអនុប្រធាន លោក លោកស្រិ លោក លោកស្រី សមាជិក សមាជិកាលេខាធិការដ្ឋាននៃ គ.អ.ទ.ស. អគ្គនាយកគ្រឹះស្ថានអង្គរ តំណាងក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរជាតិអប្សរា តំណាងសមាគមឧស្សាហកម្មទេសចរណ៍ ផ្នែកឯកជន និងសហគមន៍ទេសចរណ៍នៅខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកប្រធានលេខាធិការដ្ឋាន បានជម្រាបជូនអង្គសិក្ខាសាលាថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ថា «នៅឆ្នាំ២០២៥ពេញ១ឆ្នាំ ទាំងរដូវកាលភ្ញៀវតិច (Low season) និងរដូវកាលភ្ញៀវច្រើន (HighSeason) ត្រូវរៀបចំផែនការធ្វើយ៉ាងណាដើម្បីផ្គុំកម្លាំងទាញឱ្យបានច្រើន ហើយដាក់ទិសដៅខេត្តសៀមរាប ទាញភ្ញៀវមកសៀមរាបគឺទាញមកស្រុកខ្មែរទាំងមូល នេះជាអ្វីដែលយើងត្រូវធ្វើនិងដាក់ទិសដៅជាក់ស្តែងតែម្តង» និងស្របតាមការប្រគល់ភារកិច្ចរបស់សម្ដេចមហាបវរធិបតី ជូនលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធាន គ.អ.ទ.ស. ក្នុងរៀបចំវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ឱ្យបានឆាប់។ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានរៀបចំនូវឯកសារសំខាន់ៗចំនួន២៖ ទី១. សេចក្តីព្រាងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពី «ការដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេ ត្តសៀ ម រាប ឆ្នាំ២០២៥» និងទី២. «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥-២០២៨»។

សិក្ខាសាលានេះមានគោលបំណងពិគ្រោះយោបល់កម្រិតជំនាញជាមួយតំណាងក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាលខេត្ត វិស័យឯកជន និងសហគមន៍មូលដ្ឋានដោយផ្តោតសំខាន់លើការដាក់ចេញវិធានការ និងសកម្មភាពអាទិភាព សំដៅស្ដារវិស័យទេសចរណ៍ខេត្តសៀមរាប និងកាត់បន្ថយគម្លាតរដូវកាលទេសចរណ៍នៅខេត្តសៀមរាប។ នៅក្នុងអង្គសិក្ខាសាលានេះ ក៏មានការធ្វើបទឧទ្ទេសនាមដោយលោក អាំង សុវណ្ណរ័ត្នអនុ ប្រធានលេខាធិការដ្ឋាន គ.អ.ទ.ស. លើសេចក្ដីព្រាងឯកសារទាំងពីរនេះ អមជាមួយកិច្ចពិភាក្សាយ៉ាងផុលផុសពីតំណាងក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាលខេត្ត វិស័យឯកជន និងសហគមន៍មូលដ្ឋាន។ លោកប្រធានលេខាធិការដ្ឋាន បានស្នើឱ្យ លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលខេត្ត វិស័យឯកជន និងសហគមន៍មូលដ្ឋានទាំងអស់ ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ យកសេចក្ដីព្រាងឯកសារទាំងពីរនេះ គោរពរាយការណ៍ជូនលោក លោកស្រី ប្រធានក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាលខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ ដើម្បីពិនិត្យ និងផ្តល់មតិយោបល់ ដើម្បីបានជាធាតុចូលបន្ថែមទៀត ធានាដល់សង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយនៃឯកសារដ៏មានសារសំខាន់នេះ ដើម្បីដាក់ឆ្លង គ.អ.ទ.ស.នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មុនដាក់ឆ្លងរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់នាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទទាក់ទង