រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីសម្ពោធដាក់ប្រើប្រាស់ស្ថានីយ៍ទឹកស្អាតឈ្មោះថា(សហគមន៍ បង្កោងទឹកស្អាត) នៅភូមិបង្កោង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប

  • 26
  • ដោយ vannak

នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្មាំ២០១៤ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ស្ថានីយ៍ទឹកស្អាតឈ្មោះថា(សហគមន៍ បង្កោងទឹកស្អាត) នៅភូមិបង្កោង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប ដោយមានការចូលរួមពីលោក ស៊ុន ថាន់ថុន អភិបាល នៃគណៈអភិបាលស្រុកពួក លោក ឆន តុលា ប្រធានប្រតិបត្តិអង្គការទស្សនៈពិភពលោកប្រចាំខេត្តសៀមរាប តំណាងមន្ទីរអភិវឌ្ឍន៍នៃរដ្ឋបាលខេត្តសៀមរាប លោក លោកស្រី ជាគណៈប្រតិភូអមដំណើរ លោក អធិការនគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករងស្រុក លោក លោកស្រីប្រធានការិយាល័យនៃរដ្ឋបាលស្រុក មេឃុំក្តីរុន មេឃុំព្រៃជ្រូក មេភូមិ អនុភូមិ គណៈកម្មការសហគមន៍ចែកចាយទឹក បងប្អូនប្រជាពលរដ្ឋ ផងដែរ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ៍ស្ថានីយ៍ទឹកស្អាតឈ្មោះថា(សហគមន៍ បង្កោងទឹកស្អាត) នាពេលនេះ គឺចំពេលដែលរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បាន និងកំពុងជម្រុញនូវការអនុវត្តយ៉ាង សកម្មលើ វិស័យ អភិវឌ្ឍន៍ជនបទ ស្របតាមផែនការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺការ លើកកម្ពស់ ការកែលម្អរលំនៅដ្ឋាន និងទឹកស្អាត អនាម័យសហគមន៍។ល។ ដោយមើលឃើញនូវផលប៉ះពាល់ពីភាពក្រីក្រ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តមួយចំនួន ក្នុងការគ្រប់គ្រង និងកាត់បន្ថយភាពក្រីក្រឱ្យមានប្រសិទ្ធភាព តាមរយៈការកសាងផែនការមូលដ្ឋាន ដែលមានការគាំទ្រពីគណៈកម្មាធិការគ្រប់គ្រង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលតែងតែលើកទឹកចិត្ត និងត្រូវការការចូលរួម យ៉ាងសកម្មរបស់អង្គការមិនមែនរដ្ឋាភិបាល ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងគ្រោះមហន្តរាយនានាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ការចូលរួមក្នុងការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ វាមិនមែនជាភារៈកិច្ចនៃការទទួលខុសត្រូវ របស់អង្គការ ស្ថាប័ន ឬប្រទេសណាមួយឡើយ ពោលគឺតម្រូវឱ្យមានយន្ត ការកិច្ចសហ ប្រតិបត្តិការ ការសម្របសម្រួល និងការជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យ និងគ្រប់ផ្នែក ។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានគាំទ្រទាំងស្រុង នូវការបង្កើតស្ថានីយ៍ផលិតទឹកស្អាតសុវត្ថិភាពសហគមន៍នេះ ពីព្រោះវាស្របតាមយុទ្ធសាស្រ្ត ក្នុងការគ្រប់គ្រង និងកាត់បន្ថយភាពក្រីក្រ និងសូមឱ្យអាជ្ញាធរពាក់ព័ន្ធ មេត្តាផ្តល់កិច្ចសហ ប្រតិបត្តិការ ល្អ ជាពិសេស ប្រជាជនគួរចូលរួមពិសារទឹកសុវត្ថិភាពនេះ ឱ្យបានច្រើន ដើម្បីកាត់បន្ថយការចំណាយថវិកាក្នុងក្រុមគ្រួសារ។ទន្ទឹមនឹងនេះ លោកបានឱ្យអាជ្ញាធរពាក់ព័ន្ធទាំង អស់មេត្តាយកចិត្តទុកដាក់ លើស្ថានីយ៍ផលិតទឹកសុវត្ថិភាពសហគមន៍នេះ ដោយធានាការ ប្រតិបត្តិស្ថានីយ៍ផលិតទឹកសុវត្ថិភាពសហគមន៍ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងភាពជាម្ចាស់ ។ ធានាការគ្រប់គ្រង បែងចែកការ ចំណាយ ចំណូល និងចាត់ចែងប្រកបដោយតម្លាភាព និង ទទួលខុសត្រូវ ខ្ពស់។ ធានាការគ្រប់គ្រងទ្រព្យសកម្ម និងសម្ភារៈផ្សេងៗ របស់ស្ថានីយ៍ឱ្យ បានត្រឹមត្រូវ និងមាននិរន្តភាព។

គួរបញ្ជាក់ដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសដល់អ្នកពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ថែរក្សាទឹក និងប្រភពទឹកឱ្យបានល្អ ព្រោះវានឹងអាចខ្វះទឹកហូប ប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដូច្នេះសូមពុក ម៉ែ បងប្អូន មា មីង និងក្មួយៗ ទ្រូវយកចិត្តទុកដាក់ពី បញ្ហាទឹក គឺត្រូវចេះសន្សំសំចៃទឹក ធានាឱ្យបានថា ទឹកអាចប្រើប្រាស់បាន រហូតដល់រដូវស្សាវិញ រឺរដូវភ្លៀងធ្លាក់៕

អត្ថបទទាក់ទង