រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុកឆ្នាំ២០២៤​ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ

  • 33
  • ដោយ vannak

នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ​ ពិភាក្សាលើបច្ចេកទេសនិងទិដ្ឋភាពទូទៅក្នុងក្រុងសៀមរាប សម្រាប់រៀបចំព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឱ្យបានរលូនប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិង បរិស្ថានល្អសម្រាប់ទាំងអស់គ្នា ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាប្រធានអនុគណៈកម្មការ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរក្រុង ស្រុក និង មេបញ្ជាការ បញ្ជាការរង ស្នងការនគរបាល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងវិស័យឯកជនផងដែរ។

បន្ទាប់ពីគ្រប់អនុគណៈកម្មការ នៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានរាយការណ៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនរួចមក ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថាព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤នេះ នឹងរៀបចំធ្វើឡើងតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ចាប់ពីស្ពានថ្មអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានអាងក្រពេី ដោយមានរៀបចំនូវកម្មវិធី កម្សាន្តដូចជាការប្រកួតទូកបុរស នារី សំខាន់ ដោយមានក្រុមទូកថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពនិង រដ្ឋបាលក្រុង ស្រុក ក្នុងការប្រកួតបើកការប្រណាំងទូកជាកិត្តិយស ក្នុងឆ្នាំ២០២៤នេះ ព្រមទាំងមានការប្រគុំតន្ត្រី អកអំបុក បណ្តែតប្រទីប ការតាំងពិរពណ៌ និង កម្មវិធីជាច្រេីនទៀតសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរបានទស្សនាកម្សាន្តសប្បាយផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ​ ស្នេីដល់ក្រុមការងារ​ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានរៀបចំ​ និងលក់ក្នុងស្តង់ទាំងត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដេីម្បីរក្សាសោភ័ណភាព​ និងអនាម័យឱ្យបានល្អ​ ម៉្យាងទៀត ចំពោះស្តង់លក់ដូរទាំងអស់ ត្រូវគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ ចំពោះអនាម័យ បរិស្ថាន តែបើមានស្តង់មួយណា បានបំពុលបរិស្ថាននៅតាមដងស្ទឹងកដូចជាស្តង់នោះ គណៈកម្មការនឹងធ្វើការបញ្ឈប់មិនអនុញ្ញាតឱ្យលក់ដូរបន្តទៀតនោះឡើយ។ ជាមួយគ្នានេះ​ ការរៀបចំសណ្តាប់ធ្នាប់​ សន្តិសុខត្រូវរឹតបន្តឹងឱ្យល្អ​ ដេីម្បីសុខសុវត្ថិភាពភ្ញៀវទេសចរដែលបានមកកម្សាន្តនាឱកាសបុណ្យនេះ។

តាមការបញ្ជាក់របស់អនុគណៈកម្មការបច្ចេកទេស បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំ២០២៤នេះ មានទូកដែលបានដាក់ពាក្យប្រកួត ចំនួន៣០ទូក ទូកនារីមាន ៣ទូក មានការថយចុះ ជាងឆ្នាំ២០២៣ ចំនួន៣ទូក ។ ក្នុងនោះដែរគណៈកម្មការបច្ចេកទេស ក៏បានរៀបចំទូកចំនួន ៦ទូក សម្រាប់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង រដ្ឋបាលក្រុង ស្រុក ចូលរួមប្រកួតបើកការប្រកួតថ្ងៃដំបូងផងដែរ ៕

អត្ថបទទាក់ទង