រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សិក្ខាសាលា«ផ្សព្វផ្សាយលើកកម្ពស់ដ៏ទូលំទូលាយអំពីបរិយាបន្នសង្គម ដល់ជនងាយរងគ្រោះ ដែលមានជំងឺផ្លូវចិត្ត សង្គម រាយកាយ និងជំងឺរ៉ាំរៃ និងការបណ្តុះ-បណ្តាលវិជ្ជាជីវៈសម្រាប់កុមារ និងមនុស្សវ័យជំទង់»

  • 9
  • ដោយ vannak

ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ សោមាទេវីអង្គរ ខេត្តសៀមរាប លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលខេត្ត បានអញ្ជេីញចូលរួម បេីកសិក្ខាសាលា«ផ្សព្វផ្សាយលើកកម្ពស់ដ៏ទូលំទូលាយអំពីបរិយាបន្នសង្គម ដល់ជនងាយរងគ្រោះ ដែលមានជំងឺផ្លូវចិត្ត សង្គម រាយកាយ និងជំងឺរ៉ាំរៃ និងការបណ្តុះ-បណ្តាលវិជ្ជាជីវៈសម្រាប់កុមារ និងមនុស្សវ័យជំទង់» ដោយមានការអញ្ជេីញចូលរួមពីលោកប្រធានផ្នែកសុខុមាលភាព និងស្តារលទ្ធភាពពលកម្ម នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រតិភូ លោកស្រី ប្រធានអង្គការការីតាសកម្ពុជា ប្រចាំខេត្តសៀមរាប និងលោក លោកស្រី សមាជិក សមាជិកា។

លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ មានប្រសាសន៍ថាពិធីបើកសិក្ខាសាលា នាពេលនេះ បាននឹងកំពុងចូលរួមចំណែកបង្កើននូវការទំនាក់ទំនងដ៏ល្អមួយរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសង្គមស៊ីវិលក្នុងការលើកកម្ពស់ការដាក់បញ្ចូលបញ្ហា និងតម្រូវការរបស់បងប្អូនជនមានពិការភាពទៅក្នុងផែនការវិនិយោគឃុំ។ សិក្ខាសាលានេះ នឹងពិភាក្សាលើ ៤ចំណុចធំៗ លើប្រធានបទ សុខភាព មុខរបរ បណ្តុះបណ្តាលវិជ្ជាជីវៈ ឱកាសការងារ និងការអប់រំ។ លោកជំទាវបានបន្តថា ដើម្បីធានានូវការចូលរួមដោយស្មើភាពគ្នា និងដើម្បីធ្វើការកាត់បន្ថយភាពក្រីក្រឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធិភាព គឺត្រូវទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះរួមមាន អាជ្ញាធរ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ សហគមន៍ ក្នុងការខិតខំធ្វើយ៉ាងណាបង្កើតឱ្យមានសេវាពិសេស និងការដាក់បញ្ចូលផលប្រយោជន៍ជនពិការទៅក្នុងគ្រប់សេវាកម្មនៅគ្រប់កម្រិត។ ការងារនេះអាចធ្វើទៅបានជោគជ័យ លុះត្រាតែមានកា រផ្លាស់ប្តូរនូវ អាកប្បកិរិយា ការរើសអើងចំពោះជនមានពិការភាព កិច្ចសហការល្អរវាង មន្រ្តី បុគ្គលិក អាជ្ញាធរ អង្គការជាតិ អន្តរជាតិ និងបងប្អូនជនមានពិការភាព។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាទាំងនេះកំពុងតែបានមើលឃើញពីសំណាក់ បណ្តាស្ថាប័ននានា រួមទាំងស្ថាប័នរដ្ឋ អង្គការ និងផ្នែកឯកជនទាំងឡាយបន្តិចម្តងៗ។

ជាក់ស្តែង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់នូវអាទិភាពដល់កា រ ងា រជនមានពិការភាព ក្នុងកម្មវិធីការងារ របស់ក្រសួង ដោយបានកសាងនូវគោលនយោបាយ និងលិខិត-បទដ្ឋានជាបន្តបន្ទាប់ សំដៅពង្រឹង និងពង្រីក ការគោរពសិទ្ធិជាមូលដ្ឋាន របស់ជនមានពិការភាព។ គម្រោងគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍន៍មូលដ្ឋានសម្រាប់ទាំងអស់គ្នា របស់អង្គការការីតាសកម្ពុជា ក្រោមការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអាល្លឺម៉ង់ និងអង្គការការីតាសអាល្លឺម៉ង់ ក៏នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការជ្រើសរើសជនមានពិការភាព និងជនងាយរងគ្រោះ ឱ្យក្លាយជាអ្នកទទួលផល។ លោកជំទាវ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា តាមរយៈអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ យើងទាំងអស់គ្នា ប្រាកដជាបានចូលរួមចែករំលែក និងកសាងផែនការ តាមរយៈកិច្ចពិភាក្សាជាក្រុម នាពេលបន្តិចទៀតនេះ។ លើសពីនេះទៅទៀត ខ្ញុំសូមសំណូមពរ ដល់ស្ថាប័ននានា រួមទាំងស្ថាប័នរដ្ឋ អង្គការ និងផ្នែកឯកជនទាំងឡាយមេត្តារួបរួមគ្នាដោយកុំឱ្យមានភាពស្ទាក់ស្ទើរ ក្នុងការដាក់បញ្ចូលបញ្ហាពិការភាព ទៅក្នុងរបៀបវារៈ នៃការអភិវឌ្ឍន៍របស់ខ្លួនដើម្បីរួមចំណែកធ្វើយ៉ាងណា ប្រែក្លាយខ្លឹមសារ នៃច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់ សិទ្ឋិជនពិការ ឱ្យលេចចេញជារូបរាង និងការអនុវត្តជាក់ស្តែងអោយខាងតែបាន នាពេលអនាគត។

អត្ថបទទាក់ទង