
អ្នកស្រី Jenni Lipa ប្រធានអង្គការសុបិន្តសហគមន៍កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា អង្គការនេះ បានបំពេញកិច្ចការមនុស្សធម៌នៅកម្ពុជា អស់រយៈកាល១៦ឆ្នាំកន្លងមកហើយ ដោយចាប់ផ្ដើមកម្មវិធីទឹកស្អាត ដែលមានការសាងសង់អណ្ដូងទឹកស្អាត, បង្គន់អនាម័យ, និងអនាម័យ) ហើយមានកម្មវិធីចំនួន៣ទៀត រហូតមកដល់ពេលនេះ គឺកម្មវិធីអប់រំ (ភាសាអង់គ្លេស, ថ្នាក់មតេយ្យ, បណ្ដាល័យ និងថ្នាក់បង្រៀនកុំព្យូទ័រ) ក្នុងនោះក៏មានកម្មវិធីសុខភាព និងសុខុមាលភាពសង្គម (ផ្ដល់អាហាររូបត្ថម្ភ, កម្មវិធីកីឡា, បណ្ដុះបណ្ដាលសហគមន៍) និងសហគ្រាសសង្គម (កសិរុក្ខកម្ម និងអ្នកលក់សាប៊ូ) ។ លោកស្រី បានបន្តឲ្យដឹងទៀតថា អង្គការយើង បានសហការជាមួយរ៉ូតារីក្លឹបសិនតូសាសាំងហ្កាពួរ ក្នុងការផ្ដល់កង់ដល់សិស្សចំនួន ១០៣៥នាក់ ក្នុងម្នាក់ទទួលបានកង់១គ្រឿង ដែលពួកគេមកពីសាលា ចំនួន១៨៣សាលា នេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជា និងជាការធ្វើឲ្យប្រសើរឡើងនូវការសិក្សាអប់រំរបស់សិស្ស និងការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋនៅកម្ពុជា ផងដែរ ។
លោក Abe Jacob ប្រធានរ៉ូតារីក្លឹបតុសាសាំងហ្កាពួរ បានមានប្រសាសន៍ក្នុងឱកាសចែកកង់នាព្រឹកនេះថាយើងនឹងបន្តសហការគ្នា ដើម្បីចូលរួមជួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍ ដូចជាជួយសាងសង់បង្គន់អនាម័យ ផ្ដល់កង់ដល់សិស្សនៅតាមជនបទដាច់ស្រយ៉ាល ជាដើម។ ហើយយើងយល់ថា ការធ្វើការរួមគ្នាទាំងធនធានមនុស្ស ទាំងថវិកា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកបណ្ដុះគំនិតប្រាជ្ញា និងធ្វើឲ្យកម្ពុជាមានភាពប្រសើរឡើង។ លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ខាងរ៉ូតារីក្លិបរបស់លោក បានផ្ដល់កង់ប្រមាណជា ៧ពាន់គ្រឿងហើយដល់សិស្សសាលានៅកម្ពុជា ។
នៅក្នុងឱកាសនោះផងដែរ លោកស្រីម៉ននី រង្សី បានមានប្រសាសន៍ថាពិធីចែកកង់ជូនដល់សិស្សជួបការលំបាកចំនួន ១ពាន់៣៥នាក់ ក្នុងខេត្តសៀមរាប នាពេលនេះ ពិតជាបានបញ្ជាក់នូវការយកចិត្តទុកដាក់ក្នុងការជម្រុញឲ្យកុមារ យុវជន ឲ្យចូលសាលារៀន និង បានផ្តល់ឱកាសដល់សិស្សានុសិស្ស ដែលកំពុងជួបការលំបាក មានលទ្ធភាពក្នុងការមករៀនបានទាន់ពេលវេលា។ ក្នុងនាមគណៈអភិបាលខេត្ត លោកស្រីសូមសំដែងនូវអំណរអរគុណដល់ក្រុមអង្គការ រ៉ូតារិក្លឹបសិនតូសាសិងហ្កាពួរ អង្គការសុបិន្តសហគមន៍កម្ពុជា ដែលបានផ្តល់កង់ និងរៀបចំឲ្យមានពិធីចែកកង់នៅពេលនេះឡើង ៕