រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “វិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច”

  • 30
  • ដោយ vannak

ព្រឹកថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “វិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច” ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប ដើម្បីបញ្ជ្រាបការយល់ដឹងដល់រដ្ឋបាលមូលដ្ឋានសាធារណជន ក៏ដូចជាភាគីពាក់ព័ន្ធឱ្យបានយល់ដឹងអំពីវិស័យបរធនបាលកិច្ច ក្នុងការឈ្វេងយល់អំពីវិធាន លក្ខខណ្ឌ និងនីតិវិធីនៃការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ចនៅកម្ពុជា ធានាឲ្យបាននូវសុក្រិតភាពនៃបរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជី ជំរុញឲ្យការអនុវត្តប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ប្រសិទ្ធភាព ទំនុកចិត្តពីអ្នកចូលរួមក្នុងវិស័យបរធនបាលកិច្ច ក្រោមអធិបតីភាពឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកស្រី សមាជិក-សមាជិកាសមាគម តំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាល បរធនបាលរូបវន្តបុគ្គលទាំងអស់ នៅសណ្ឋាគារអេមព្រីសអង្គរ និងស្ប៉ា ខេត្តសៀមរាប។ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា តាមរយៈសិក្ខាសាលាដែលរៀបចំឡើងនាពេលនេះ វានឹងជំរុញឲ្យអ្នកពាក់ព័ន្ធដែលបានចូលរួម បានយល់ដឹងបន្ថែមអំពីវិស័យបរធនបាលកិច្ច ដែលជាវិស័យមួយថ្មី ដែលក្នុងនោះរួមមាន៖ វិធាន លក្ខខណ្ឌ និងនីតិវិធីក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា និងបញ្ជ្រាបការយល់ដឹងបន្ថែមផ្នែកហិរញ្ញវត្ថុ។ វិស័យបរធនបាលកិច្ច ត្រូវបានអ្នកជំនាញការ និងវិនិយោគិនជំនាញមើលឃើញថា ជាយន្តការមួយដែលអាចចូលរួមចំណែកអភិវឌ្ឍនៅខេត្តសៀមរាប និងជំរុញការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងនិយាយដោយឡែកខេត្តសៀមរាប តាមរយៈការកសាងទំនុកចិត្តវិនិយោគិនឲ្យចូលមកវិនិយោគ ជាពិសេសវិនិយោគិនបរទេសដែលពាក់ព័ន្ធនឹងការប្រគល់ទ្រព្យសម្បត្តិរបស់វិនិយោគិន ដែលជាបរធនបាលទាយកទៅឲ្យអ្នកដទៃដែលជាបរធនបាល ដើម្បីគ្រប់គ្រង ចាត់ចែង និងថែរក្សាបរធន ដើម្បីជាប្រយោជន៍ដល់អ្នកទទួលផល។ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច មានប្រសាសន៍ថា ការអភិវឌ្ឍវិស័យបរធនបាលកិច្ច និងការបង្កើតនិយ័តករបរធនបាលកិច្ចនៅកម្ពុជា គឺជាការគិតគូរល្អិតល្អន់ស្របពេលដែលកម្ពុជា កំពុងស្ថិតលើមាគ៌ាអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថា ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ចមួយប្រកបដោយចីរភាព ទាមទារឲ្យមាននូវប្រព័ន្ធហិរញ្ញវត្ថុមួយដ៏រឹងមាំ ដូច្នេះរាជរដ្ឋាភិបាលបានដាក់ចេញនូវ “យុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥” ដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពទៅជាយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលយុទ្ធសាស្រ្តទាំង២នេះ ជាយុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែង រួមមានវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ហើយក្នុងនោះដែរវិស័យបរធនបាលកិច្ច នឹងក្លាយជាយុទ្ធសាស្រ្តជួយជំរុញកំណើនសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា៕

អត្ថបទទាក់ទង