នាព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ បាននាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារងាយរងគ្រោះចំនួន ១គ្រួសារ ដែលមេគ្រួសារឈ្មោះ តឺយ ទឹម ភេទប្រុស អាយុ ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ ថៃ ឡុន អាយុ ៣៤ឆ្នាំ មានកូនចំនួន ០៦នាក់ ស្រី ០៣នាក់ រស់នៅភូមិកំបោរ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលកំពុងជួបការលំបាកខណៈពេលដែលជំនន់ទឹកភ្លៀងកំពុងតែកើតមាន។មានប្រសាសន៍នាឱកាសនោះ លោកស្រីបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ វណ្ណៈ ព័ណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រីបានលើកឡើងទៀតថា ដោយក្នុងឃុំយើងកំពុងតែកើតមានឡើងនូវជំនន់ទឹកភ្លៀង សូមឪពុកម្ដាយ មានការប្រុងប្រយ័ត្នខ្ពស់ ដល់បុត្រា បុត្រីជៀសវាងមានហេតុការអាក្រក់កើតមានចំពោះកូនៗ ព្រោះស្ថានភាពទឹកជំនន់បាននឹងបន្តកើនឡើង។អំណោយមនុស្សធម៌ដែលផ្តល់ជូនមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១យួរ និងថវិកា ១សែនរៀល៕
