នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥៖០០នាទីរសៀល សាលប្រជុំលេខ ០១ សាលាខេត្ត បានបេីកកិច្ចប្រជុំពិភាក្សាលេីសំណេីសុំបង្កេីតគណៈកម្មការវាយតម្លៃ និងសិក្សាលេីគម្រោងជីក បូម ស្តារ កន្លែងអភិរក្សត្រីពូជបឹងពារាំង ស្ថិតក្នុងដែននេសាទសហគមន៍ចុងឃ្នៀស សង្កាតចុងឃ្នៀស និងសមាគមទេសចរណ៍បឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជេីញចូលរួមពីរដ្ឋបាលក្រុងសៀមរាប មន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត នាយខណ្ឌជលផល ចៅសង្កាត់ជ្រាវ និងចៅសង្កាត់ចុងឃ្នៀស។
បន្ទាប់ពីពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១-ស្នើសុំការពិនិត្យ និងសម្រេចពីឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីបង្កេីតគណៈកម្មការវាយតម្លៃ និងសិក្សាលេីគម្រោងជីក បូម ស្តារ កន្លែងអភិរក្សត្រីពូជបឹងពារាំង ដែលដឹកដោយឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត។
២-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវរៀបចំផែនការ ផែនទី និងប្លង់ នៃគម្រោងស្តារបឹងពារាំងអោយបានត្រឹមត្រូវស្របតាមលក្ខណះបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៣-មន្ទីរបរិស្ថានខេត្ត ត្រូវរៀបចំចុះពិនិត្យ និងវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន នៃគម្រោងស្តារបឹងពារាំងអោយបានត្រឹមត្រូវតាមគោលការណ៍ច្បាប់៕