រលៀលថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២ និង៣០នាទី នៅសាលប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាបមាន កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីបរិស្ថាន ប្រចាំឆមាសទី២ ឆ្នាំ២០២០ និងលើកទីសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ង៉ាន់ ភិរុណ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងលោក លោកស្រី តំណាងរដ្ឋបាលក្រុង ស្រុកទាំង១២ ទីចាត់ការ អង្គភាព ចំណុះ រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្ត និងតំណាងអង្គការជាតិ-អន្តរជាតិ។
បន្ទាប់ពីលោកប្រធានមន្ទីរបរិស្ថានខេត្ត បានថ្លែងរបាយការណ៍សង្ខេបរបស់មន្ទីរបរិស្ថានប្រចាំឆ្នាំ២០២០រួចមក លោក ង៉ាន់ ភិរុណ បានមានប្រសាសន៍ក្នុងពេលនោះដែលថា ទោះបីជាស្ថិតក្នុងបរិបទ នៃការរាតត្បាតជាសាកលរបស់ជំងឺកូវីដ-១៩ និងបានជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមកលើប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅចម្បងក្នុងវិស័យទេសចរណ៍ក៏ដោយ ក៏មន្ទីរបរិស្ថានខេត្ត បានខិតខំអនុវត្តការងារទទួលបាន លទ្ធផលជាច្រើនគួរជាទីមោទនៈ។ លទ្ធផលទាំងអស់នេះ ពុំមែនផ្តល់អត្ថប្រយោជន៍សម្រាប់តែមន្ទីរបរិស្ថានខេត្តប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបទៅនឹងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប និងបានផ្តល់ប្រយោជន៍រួម ដល់ប្រជាជនទូទាំងខេត្តសៀមរាបផ្ទាល់តែម្តង។
លោកក៏បានបន្ថែមទៀតថា មន្ទីរបរិស្ថានខេត្ត បាននឹងកំពុងសម្របសម្រួលក្នុងការអនុវត្តសកម្មភាពការងារចម្បងៗ មួយចំនួនទៀតពាក់ព័ន្ធទៅនឹងការរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋនៅតាមបណ្តាតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីបែងចែកការគ្រប់គ្រងលើតំបន់ការពារធម្មជាតិចំនួន៤ រួមមាន ៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាបផងដែល។
ការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថាន ប្រចាំឆមាសទី២ ឆ្នាំ២០២០នេះ គឺដើម្បីធ្វើបទបង្ហាញពីសកម្មភាព លទ្ធផលការងារដែលសម្រចបាន និងបញ្ហាដែលបានជួបប្រទះក្នុងកំឡុងពេលអនុវត្តផែនការសកម្មភាពឆមាសលើកទី២ ឆ្នាំ២០២០ ដើម្បីជ្រាបជាព័ត៌មាន និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ម្យ៉ាងវិញទៀតអាចទទួលបាននូវអនុសាសន៍ណែនាំល្អៗបន្ថែមទៀត ដែលជាធាតុចូល សម្រាប់រៀបចំផែនការសកម្មភាពការងារ ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីឲ្យទទួលបាននូវសមិទ្ធិផលថ្មីៗកាន់តែច្រើន និងកាន់តែប្រសើរឡើងថែមទៀតនាឆ្នាំបន្តបន្ទាប់ផងដែរ៕