រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយ និងណែនាំស្តីពីវិធានការពារ និងគម្លាតសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល នាពេលខាងមុខ

អាជ្ញាធរខេត្តសៀមរាប នៅតែបន្តរឹតបណ្តឹងលើការអនុវត្តវិធានសុវត្ថិភាព ដើម្បីបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មុន និងក្នុងថ្ងៃបុណ្យចូលឆ្នាំសាកល ២០២០-២០២១ បើទោះជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ តាមអានុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងសេចក្តីថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងជំនួបរវាងអភិបាលរងខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ ក្នុងនាមប្រធានគណកម្មការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងវិស័យទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈភិបាលខេត្តសៀមរាប ជាមួយក្រុមអាជីវករផ្សាររាត្រីអង្គរ-ឃ្យុងយូ សរុបជាង ៣០០នាក់ ដោយមានការអញ្ជើញចូលរួម ពីលោកប្រធានមន្ទីរសុខាភិបាល និងមន្ទីរទេសចរណ៍ អាជ្ញាធរ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា បុណ្យឆ្លងឆ្នាំសាកលខាងមុខនេះ ផ្សាររាត្រីអង្គរ-ឃ្យុងយូ ប្រាកដជាមានភ្ញៀវដើរកំសាន្ត ជាមួយនឹងការទិញវត្ថុ សម្ភារផ្សេងៗ ក្នុងចំនួនកើនឡើងខុសពីថ្ងៃធម្មតា ជាមួយនេះ អ្វីដែលជាការសម្លឹងឃើញនៅក្នុងចន្លោះនៃការប្រុងប្រយ័ត្ន ដែលអាចថា វាជាហានីភ័យនោះ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ទ្វេរឡើងថែមទៀត លើវិធានការការពារ និងការណែនាំរបស់ក្រសួងសុខាភិបាល។

នៅក្នុងជំនួបផ្សព្វផ្សាយនោះដែរ អាជ្ញាធរខេត្ត បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ សម្រាប់ការត្រួតពិនិត្យបាញ់កម្តៅ ពិនិត្យការពាក់ម៉ាស់ និងបាញ់អាល់កុល គ្រប់បណ្តាច្រកចេញចូលទាំង ៦កន្លែង ជុំវិញផ្សាររាត្រីអង្គរឃ្យុងយូ ដោយមានការសហការជាមួយកម្លាំងសមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ក្នងខេត្តសៀមរាប។ ជាមួយនោះ គ្រប់បណ្តាទីតាំងអាជីវកម្ម ក៏ត្រូវតែមានឧបករណ៍សម្ភារការពារសុវត្ថិភាព រក្សាគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ និងត្រូវរួមគ្នាធានាបានថា ផ្សាររាត្រីអង្គរឃ្យុងយូ ថ្ងៃបុណ្យចូលឆ្នាំសាកល ជាទីតាំងមានសុវត្ថិភាព។

អត្ថបទទាក់ទង