ថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨៖២០ ព្រឹក នៅសាលប្រជុំលេខ១ សាលាខេត្ត បានរៀបចំកិច្ចប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាព នៃកម្មវិធិវិនិយោគ៣ឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលខេត្ត ដែលដឹកនាំដោយ លោកចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត និងមានការចូលរួមពីលោកហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្រ្តៃយ៍ ក្រុមការងារកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកក្រុមការងារកសាងផែនការ និងតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអភិបាលរងក្រុង ស្រុក និងតំណាងទី ចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុបរួមចំនួន ៦២នាក់ ស្រី ១១នាក់។ ក្នុងកិច្ចប្រជុំនេះដែរ ក្រុមការងារជំនួយការក៏បានធ្វើបទបង្ហាញនូវឯកសារពាក់ព័ន្ធនានា និងបានស្នើដល់ក្រុមការងារ មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ធ្វើការពិនិត្យ និងជាមូលដ្ឋានក្នុងការបំពេញធាតុចូល (ទម្រង់ទី១) អោយបានត្រឹមត្រូវដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌអភិវឌ្ឍន៍ខេត្ត ក៍ដូចជាតម្រូវការជាក់ស្តែងនៅថ្នាក់មូលដ្ឋាន រួចផ្ញើត្រឡប់មកក្រុមការងារជំនួយការវិញ អោយបានទាន់ពេលវេលា៕
