រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ដំណើរទស្សនកិច្ចចុះពិនិត្យការអនុវត្តគម្រោងរួមគ្នារវាង​ រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ លើការងារលើកកម្ពស់ជីវភាព និងសុខភាពប្រជាពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស

  • 549
  • ដោយ thla18

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អមដំណើរដោយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអគ្គរងនៃលេខាធិការដ្ឋាន គ.ជ.ប.ជ លោកអភិបាលស្រុក លោក លោកស្រីប្រធានអង្គការ​ IOM អង្គការWHO អង្គការUNICEF អង្គការUNFPA ប្រចាំប្រទេសកម្ពុជា មន្ត្រី​សាលាខេត្ត​ មន្ត្រី​មកពីមន្ទីរពាក់ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន​ បានចុះតាមដាន ត្រួតពិនិត្យការអនុវត្តគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការសហប្រជាជាតិ សម្រាប់គាំទ្រ និងលើកកម្ពស់ជីវភាព និងសុខភាព សម្រាប់ប្រជាពលតដ្ឋទេសន្តរប្រវេសន៍ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ នៅឃុំចាន់ស​ និងឃុំខ្នារពោធិ៍​ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប​។

នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូបានចុះពិនិត្យ និងជួបសំណេះសំណាលជាមួយ​ គ្រួសារ​ពលករ​ ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ឃុំ មន្រ្តីអនុវត្តគម្រោង និងក្រុមគោលដៅដែលទទួលផលពីគម្រោង ដើម្បីសិក្សាស្វែងយល់ ពីលទ្ធផល​ នៃការអនុវត្តផែនការ និងបញ្ហាប្រឈមនានាដែលអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាទេសន្តរប្រវេសន៍ ជួបប្រទះ ព្រមទាំងទទួលយកនៅសំណូមពរ ដែលមន្រ្តីអ្នកអនុវត្ត និងប្រជាពលរដ្ឋលើកឡើង ។ ប្រតិភូបានធ្វើទស្សនកិច្ចតាមផ្ទះគ្រួសារពលករ​ គ្រួសារ​លក់ទឹក​អំពៅ​ ០១គ្រួសារ​ សួនបន្លែ​ដំណាំកសិកម្ម​ កសិដ្ឋានចិញ្ចឹមមាន់ខ្នាតតូច​ គ្រួសារ​កាត់សក់​ ដែលបានទទួលការឧបត្ថម្ភដោយអង្គការសហប្រជាជាតិ​ សហការ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា​ អនុវត្ត​ដោយរដ្ឋបាលខេត្ត​ ជាមួយ​មន្ទីរ​កិច្ចការនារី​ មន្ទីរ​ការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាេជីវៈ​ និងមន្ទីកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ គាំទ្រ​ដោយអង្គការ IOM ក្នុងចំណោមអ្នកទទួលផលពីគម្រោងសរុប ចំនួន ៤៨គ្រួសារ​ (ចិញ្ចឹម​មាន់​ និងដាំបន្លែ​ ៣២គ្រួសារ​ លក់ទឹក​អំពៅ​ ២គ្រួសារ​​ កាត់​សក់​ ២គ្រួសារ​ ដំណាប់អំពិល​ ២គ្រួសារ​ បបរគ្រឿង​ ២គ្រួសារ​ លក់ទឹក​សណ្ដែក​ ២គ្រួសារ​ នំគ្រក់​ ២គ្រួសារ​ និងនំបាញ់ចានឿក​ ២គ្រួសារ​)​ នៅឃុំខ្នារពោធិ៍​ និងឃុំចាន់ស​ ស្រុកសូទ្រនិគម​។

ក្នុងដំណើរទស្សនកិច្ចខាងលើនេះ លោកជំទាវប្រធានប្រតិភូ បានធ្វើការក្រើនរំលឹក ឲ្យ​អាជ្ញាធរដែនដីត្រូវតាមដាន និងយកចិត្តទុកដាក់ពីបញ្ហាសំណូមពរនានា ដែលប្រជាពលរដ្ឋបានស្នើ និងបានលើកទឹកចិត្តឲ្យប្រជាពលករ​ទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម ចិញ្ចឹមសត្វអាជីវកម្មផ្សេងៗ​ ដើម្បីដោះស្រាយបញ្ហាជីវភាព ពិសេសនៅក្នុងដំណាក់កាលដែលប្រទេសកំពុងតែកើតមានជំងឺកូវីដ១៩ ។

លោកជំទាវបានជម្រាបជូនផងដែរថា រាជរដ្ឋាភិបាល បានយកចិត្ត​ទុកដាក់​លេីបញ្ហាសុខភាព​ និងមុខរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលករ​ ប្រជាពលរដ្ឋ​ទូទៅ​ និងបានធ្វើការស្វះស្វែងគៀងគររកជំនួយឧបត្ថម្ភបន្ថែមទៀត​ សម្រាប់ទ្រទ្រង់ដល់ផែនការអភិវឌ្ឍការងារ និងជំនាញបច្ចេកទេសផ្សេងៗ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលជាផ្នែកដ៏សំខាន់ និងជាតម្រូវការចាំបាច់ចំពោះមុខ ក្នុងការទប់ស្កាត់ការវិលត្រឡប់ទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់ និងនៅក្នុងដំណាក់ជំងឺកូវីដ១៩នេះ។ បន្ថែមពីនោះ លោកជំទាវបានជំរុញឱ្យប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋចំណូលស្រុក ដែលទើបត្រឡប់មកវិញ ទៅចុះឈ្មោះរកការងារធ្វើនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត (មជ្ឈមណ្ឌលការងារខេត្តសៀមរាប) ដែលជាយន្តការរបស់រាជរដ្ឋភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាចំពោះមុខរបស់ប្រជាពលរដ្ឋ ដែលមានតម្រូវការការងារ សម្រាប់ផ្គត់ផ្គងជីវៈភាពគ្រួសារប្រចាំថ្ងៃ៕

អត្ថបទទាក់ទង