រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីបើកសិក្ខាសាលាស្តីពីការលើកកម្ពស់ការអនុវត្តគោលនយោបាយជាតិ និងប្រព័ន្ធកិច្ចការពារកុមារ

ព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នៅសាលប្រជុំរបស់រដ្ឋបាលក្រុងសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារខេត្តសៀមរាប បានអញ្ញើញចូលរួម ពិធីបើកសិក្ខាសាលាស្តីពីការលើកកម្ពស់ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ក្រោមអធិបតីភាព លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការអញ្ញើញចូលរួមពី លោក លោកស្រី តំណាងដៃគូរអភិវឌ្ឍន៍ មកពីវិស័យឯកជន ព្រមទាំង មន្រ្តីដែលពាក់ព័ន្ធ។

មានប្រសាសន៍ នៅក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត បានជម្រាបជូនពីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់ខេត្ត ដែលជាយន្តការតែមួយគត់ក្នុងការសម្របសម្រួល ពិនិត្យ តាមដាន វាយតម្លៃ និងលើកជាអនុសាសន៍នានា សំដៅធានាសុខមាលភាពកុមារឱ្យកាន់តែប្រសើរឡើង ហើយសិក្ខាសាលានាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហា ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ ក្នុងដំណើរការយុត្តិធម៌ព្រហ្មទណ្ឌនៅក្នុងខេត្តសៀមរាបក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោកក៏សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលមានវត្តមានក្នុងអង្គសិក្ខាសាលានេះ ពិតជាចូលរួមក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់លើការលំបាក ចំណុចខ្វះខាត និងចែករំលែកបទពិសោធន៍ល្អៗ ដែលអាចប្រមូលផ្តុំ និងពង្រឹងកិច្ចសហការអនុវត្តឱ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត ជាក់ជាមិនខាន។

បន្ទាប់ពីលោក នាក់ ណេរ៉ុន បានមានប្រសាសន៍រួចមក លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានមានប្រសាសន៍ដែរថា គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ បានកំណត់នូវសសរស្តម្ភជាយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ ដោយផ្តោតទៅលើ ការបង្ការ ទប់ស្កាត់ ការអន្តរាគមន៍ និងការផ្តល់សេវាឆ្លើយតប។ ជាមួយគ្នានេះដែរ គោលនយោបាយនេះ បានកំណត់នូវសកម្មភាពជាក់លាក់សម្រាប់ក្រសួងស្ថាប័ន ដែលបំពេញការងារក្នុងការលើកកម្ពស់សិទ្ធិកុមារ ដើម្បីធានាដល់ការអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ។

សូមបញ្ជាក់ដែរថា សិក្ខាសាលានាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បី លើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ ដើម្បីសិក្សាលើភាពខ្វះចន្លោះនៃច្បាប់ និងការអនុវត្ត បញ្ហាប្រឈម ដែលរាំងស្ទះដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ កំណត់រកដំណោះស្រាយជាយុទ្ធសាស្រ្ត និងឱកាសនៃកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធដើម្បីជំរុញការឆ្លើយតប និងអន្តរាគមន៍៕

អត្ថបទទាក់ទង