
ជ្រុងមួយនៃកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ចេញពីសំនួរដេញដោល និង ស្រាយបំភ្លឺ ឯកឧត្តម ទៀ សីហា បានលើកបង្ហាញនូវគំនិតផ្តួចផ្តើមមួយ ដោយសង្កត់ធ្ងន់ថា បើអាចធ្វើបានចាប់ពីឆ្នាំ២០២១នេះតទៅការប្រើប្រាស់មូលនិធិឃុំ-សង្កាត់ មិនគួរយកគម្រោងស្ថាបនាផ្លូវគ្រួសក្រហម មកប្រើប្រាស់ទៀតនោះឡើយ ហេីយធានាបានថា ការប្រើប្រាស់ផ្លូវជនបទពីផ្លូវក្រាលដីគ្រួសក្រហម ទៅជាផ្លូវបេតុងក្នុងការប្រេីប្រាស់ឲ្យបានយូរអង្វែងតាមស្តង់ដារសុពលភាព។ យ៉ាងណាក៏ដោយ ការលើកឡើងបែបនេះ គឺសំដៅទៅរកការអនុវត្តផែនការថ្មី គឺការកសាងផ្លូវបតុងនៅមូលដ្ឋានជនបទ ដែលផែនការនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព នៃការឆ្លងកាត់អន្តរកាលរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំចេញពីឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ ចូលទៅកាន់ឋានៈជាប្រទេសអភិវឌ្ឍតិចតួច ជាបណ្តើរៗនាបណ្តាឆ្នាំខាងមុខ លើវិស័យនៃការអភិវឌ្ឍបណ្តាញផ្លូវថ្នល់នៅជនបទ។ ជាមួយគ្នានេះ ដើម្បីឆ្ពោះទៅរកជំហានថ្មីនេះ ផែនការកសាងផ្លូវបេតុងសម្រាប់មូលដ្ឋានជនបទ បើទោះជាស្ថិតក្នុងលទ្ធភាពណាមួយក៏ដោយ តែវាជាជំហានគីង្គក់ ត្រូវបានដើរទន្ទឹមនឹងការថែទាំផ្លូវគ្រួសក្រហមដែលមានស្រាប់ ដើម្បីបានបន្តនិរន្តរភាពនៃតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ឯកឧត្តម អភិបាលខេត្តសម្រាប់ការពង្រឹងលទ្ធភាព គំនិតផ្តួចផ្តើមនេះ និងធ្វើដំណើរឈានចូលទៅក្នុងទំនាក់ទំនងនៃកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ រួមទាំងត្រូវបានស្ថិតនៅក្នុងការគាំទ្រ និងសម្រួបសម្រួលជាមួយក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងៗទៀតផងដែរ ។ក្នុងគោលបំណងពីរសំខាន់ៗ ដែលជាចម្បងនោះ គឺទៅថ្ងៃអនាគត មូលដ្ឋានជនបទនឹងមានបណ្តាញផ្លូវគមនាគមន៍ប្រើប្រាស់ដែលត្រូវបានធានាគុណភាព និងទី២ បានកាត់បន្ថយការប្រើប្រាស់ថវិកា ក្នុងការជួសជុលផ្លូវគ្រួសក្រហមដែលមិនធានាគុណភាពនោះផងដែរ។
ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តមក៏បានដាក់វិធានការមួយចំនួន ដល់កងកម្លាំងសមត្ថកិច្ច ក៏ដូច អាជ្ញាធរក្រុង ស្រុក ទោះបីយើងកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ក៏ពិតមែន តែត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ក្នុងការលុបបំបាត់នូវកុងត្រូលជជុះ និង ក្រុមអ្នកកាសែតអាណាធិបតេយ្យ ដែលបានដើរដាក់កុងត្រូល ស្ទាក់ទាកប្រាក់ពីប្រជាពលរដ្ឋដឹកជញ្ជូនផលអនុផល និងបង្រ្កាបទប់ស្កាត់បទល្មើសព្រៃឈើ ការកាប់ទន្រ្ទានដីព្រៃ ព្រមទាំងមុនចេញបណ្ណ័កម្មសិទ្ធិ ក៏ត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ដើមី្បជៀសវាងការប៉ះពាល់ដល់តំបន់បូរាណដ្ឋាន បេងបួរ អូរប្រឡាយជាដើម ។
ឯកឧត្តម អ៊ាន ឃុន ក៏បានថ្លែងអំណរគុណដល់ក្រុមការងារខេត្ត ដែលបានសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានវាយតម្លៃខ្ពស់អំពីកិច្ចអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងពេលដែលនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិកូវីដ១៩ ។ ក្នុងនោះឯកឧត្តមប្រធានស្តីទី ក៏បានបញ្ជាក់ផងដែរ អំពីកាលវិភាព ដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុង ក្នុងការចុះធ្វើ វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ នៅតាមក្រុង ស្រុក ០៦គោលដៅផងដែរ ។ ចំពោះរាល់បញ្ហាដែលក្រុមប្រឹក្សាខេត្ត បានលើកនូវក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១នេះ សូមសាមីមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ស្រុក ត្រូវយកទៅធ្វើការពិនិត្យ និង អនុវត្តឲ្យបានទទួលលទ្ធផលជាផ្លែផ្កា ក្នុងការលើកកម្ពស់ជីវភាព និង សុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប៕