
ក្នុងអង្គវេទិកានេះដែរសមាជិក សមាជិកាក៏បានលើកឡើងពីក្តីទុក្ខកង្វល់របស់បងប្អូននៅក្នុងមូលដ្ឋានដែលមានការពាក់ព័ន្ធ ទៅលើបញ្ហាដីធ្លី និង សំណង់ក្នុងតំបន់អប្សរា , ការសុំធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លីក្នុងតំបន់បូរាណដ្ឋាន ,ការរៀបចំប្រព័ន្ធលូបង្ហូរទឹក និង ប្រព័ន្ធទឹកស្អាត , បញ្ហាអនាម័យ បរិស្ថាន ( សម្រាម ) ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវតាមភូមិសង្កាត់ក្នុងតំបន់អប្សរា) និង ការកំណត់ឲ្យ បានច្បាស់ពីព្រំប្រទល់ទីទូលបុរាណដ្ឋាន ។ ក្នុងនោះដែររដ្ឋបាលក្រុងសៀមរាប បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រៅពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែនេះ អាជ្ញាធរក្រុងមានគម្រោងបើកការដ្ឋានស្ថាបនាផ្លូវ ចំនួន៥៣ខ្សែទៀត នៅពេលឆាប់ៗខាងមុខ ។ ក្នុងនោះដែរអាជ្ញាធរ ជាតិអប្សរា ក៏បានបញ្ជាក់ជូនអង្គវេទិកាទាំងមូល ចំពោះការសុំធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី នៅក្នុងតំបន់អប្សរា និង ទីទួលបុរាណដ្ឋាន គឺមិនអាចផ្តល់ជូនបានឡើយ ។
លោក លី សំរិទ្ធ ក៏បានគូសបញ្ជាក់ថា ក្នុងឱកាសដែលមានវិបត្តិជំងឺកូវីដ១៩ ខេត្តសៀមរាប បានទទួលការថវិកាដ៏ថ្លៃថ្លាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំនួន១៥០លានដុល្លាសហរដ្ឋអាមេរិក ក្នុងជួសជុលស្ថាបនាផ្លូវ៣៨ខ្សែ និង កែ លម្អរសោភណ្ឌភាពស្ទឹងក្នុងក្រុងសៀមរាប ដែលជាប្រវត្តិថ្មីមួយសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ។ ក្នុងនោះលោកក៏មានការសង្ឃឹមជឿជាក់ផងដែរថា ក្រោយពីវិបត្តិកូវីដ១៩ ទីក្រុងសៀមរាបនឹងប្រែក្លាយទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និង ធម្មជាតិលើកកម្ពស់សោភ័ណភាពក្រុងឲ្យស័ក្កិសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ និង ក្រោយពេលការស្ថាបនាផ្លូវទាំង៣៨ខ្សែរួចរាល់ ក្រុងសៀមរាបនឹងលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ស័ក្កិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ដ អភិវឌ្ឍជាទីក្រុងឆ្លាតវ៉ៃ នាពេលអនាគត ដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ ។ ជាមួយគ្នានេះ លោកក៏បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ត្រូវជម្រុញចលនាដល់ប្រជាពលរដ្ឋឲ្យមកទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ដែលបានធ្វើការវាស់វែងជាលក្ខណៈប្រព័ន្ធបានរួចរាល់ ។ ចំពោះដីតំបន់បុរាណដ្ឋាន ក្នុងពេលកន្លងមកអាជ្ញាធរខេត្ត និង អាជ្ញាធរអប្សរា ក៏បានធ្វើការបង្រួញទំហំតំបន់បុរាណដ្ឋាន ដោយបានធ្វើការកាត់ឆ្វៀលជូនបងប្អូន បានជាបន្តបន្ទាប់ តែកន្លែងមួយចំនួនបានកំពុងធ្វើការសិក្សា ស្រាវជ្រាវឡើងវិញផងដែរ។ លោកបានជម្រុញដល់អាជ្ញាធរក្រុងសៀមរាប ក៏ដូចអាជ្ញាធរស្រុកពួក បង្កើនការយកចិត្តទុកដាក់លើ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីប្រជុំជន ទាំងអនាម័យ បរិស្ថាន និង ការគ្រប់គ្រងសម្រាម ដោយគោរពទៅតាមគោល ការណ៍ច្បាប់សំណង់ ។ កត្តាសំខាន់គឺសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សានូវអនាម័យ បរិស្ថានក្នុងក្រុង ស្រុក ។ ម៉្យាងទៀតឯកឧត្តម ក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាគ្រឿងញៀន គឺសូមឲ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ច ក្នុងមូលដ្ឋានធ្វើការបង្ក្រាបឲ្យខាងតែបាន ក្នុងការបំបាត់នូវអំពើចោរកម្ម និង អសន្តិសុខនៅក្នុងមូលដ្ឋានខ្លួន ។
ឆ្លងតាមរយៈកិច្ចពិភាក្សា ពិគ្រោះយោបល់យ៉ាងសកម្មផុលផុសពេញមួយព្រឹកនេះ អង្គវេទិកាទទួលបាន សំណួនិង កង្វល់ផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋ ចំនួន ១៤សំណួរ សំណូមពរ ហើយវាគ្មិនបានឆ្លើយបំភ្លឺទាំង ១៤សំណួរ សំណូមពរ ពាក់ព័ន្ធទៅនឹងបញ្ហា ដីធ្លី ទីទូលបុរាណដ្ឋាន សំណង់ ផ្លូវថ្នល់ ។ ក្នុងនោះដែរក៏មានសំណួរសំណូមពរជាលាយលក្ខ័អក្សរមិនទាន់បានឆ្លើយបំភ្លឺមាន ១៦សំណួរ និងសំណូមពរ ។
ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានឆ្លៀតឱកាសថ្លែងអំណរគុណ ចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនានាក្នុងខេត្ត ដែលបានធ្វើការបកស្រាយបំភ្លឺឆ្លើយតប ទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋ ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានជម្រាបជូនដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ នៃអង្គវេទិកា សូមរក្សាសិទ្ធិរក្សាទុកសំណួរ និងកង្វល់ក្នុងអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និងកង្វល់ទាំងនេះទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខ័អក្សរដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់តាមមូលដ្ឋានដែលបងប្អូនរស់នៅ ។ ឯកឧត្តមក៏មានជំនឿជឿជាក់ថា អង្គវេទិកាទាំងមូលមានសុទិដ្ឋិនិយមថា វប្បធម៌នៃការចូលរួមកាន់តែមានវឌ្ឍនភាព សំដៅធ្វើយ៉ាងណាឲ្យវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ក្រុង ស្រុក នៃខេត្តសៀមរាបទាំងមូលមានការប្រែប្រួលរីកចម្រើនជាងបណ្តាឆ្នាំមុនៗ ទោះបីជាស្ថានភាពជំងឺកូវីដ ១៩ នៅតែកើតមាននៅលើសកលលោកក៏ដោយ ៕